រថយន្ដបុកបុរសម្នាកស្លាប់ហើយបើករត់គេចខ្លួន

ខេត្តកំពង់ចាម៖ បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម៌ដោយរថយន្ដមិនចាំម៉ាកបុករួចបើកគេចខ្លួន ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង
០៨និង ៥០នាទី នៅលើផ្លូវជាតិលេខ៦ នៅចំណុចខាងត្បូងស្ពានលេខ៣០ ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃន ស៊ីន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកាលមេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានបន្ដទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងរថយន្ដ ដោយម៉ូតូ០១គ្រឿងម៉ាកហុងដា C១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ១I ១៨៨២ បើកបរដោយទិសដៅពីត្បូងទៅជើង ដល់ចំនុចខាងលើបានប៉ះទង្គិចពីក្រោយរថយន្ត០១គ្រឿង មិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណដែលមានទិសដៅពីត្បូងទៅជើង ស្របទិសគ្នា ក្រោយពេលកើតហេតុរថយន្ដបានបើករត់គេចបាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកប្រគល់ជូនក្រុមគ្រួសាររងគ្រោះវិញ ចំណែកសាកសពសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕