រថយន្តសណ្តោងស៊ីទែនប្រេងបើកកៀរម៉ូតូ បណ្ដាលឲ្យអ្នកបើកបរដួលបោកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែង

កំពង់ស្ពឺ៖ រថយន្តសណ្តោងស៊ីទែនប្រេងមួយគ្រឿងបើកបរក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅកៀរម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើង កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣១និង៣២ ក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ។

យោងតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក អ៊ីនធើណេសស៊ិនណល(INTERNA TIONAL) ពណ៌សលាយខៀវលឿង ពាក់ស្លាកលេខភ្នំពេញ3B- 7182 មានសណ្តោងស៊ីទែនប្រេង ពាក់ស្លាកលេខ ភ្នំពេញ4A-4211 បើកបរពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ បានកៀរម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BI -7202 បើកបរដោយឈ្មោះ ជឹម វណ្ណ: ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលកំពុងបើកបរស្របទិសគ្នា បណ្តាលឲ្យម៉ូតូដួល បោកក្បាលអ្នកបើកបរស្លាប់នៅនឹងកន្លែងកើតហេតុ ។ ក្រោយពេលកើតហេតុ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានចុះរត់គេចខ្លួនបាត់ស្រមោល ៕