ជនសង្ស័យកាប់ជនរងគ្រោះឲ្យរងរបួសធ្ងន់បាន៧ថ្ងៃ សមត្ថកិច្ចតាមក្របួចជាប់

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពយកកាំបិតប៉័ងតោ កាប់ទៅជនរងគ្រោះម្នាក់ឲ្យរងរបួសធ្ងន់ បាន៧ថ្ងៃ ត្រូវកម្លាំងនគរបាលស្រុកអូរយ៉ាដាវ សហការជាមួយកម្លាំងនគរបាលស្រុកលំផាត់ ធ្វើការស្រាវជ្រាវតាមចាប់បាន កាលពីរសៀលថ្ងៃទី៩ ខែកញា ឆ្នាំ២០១៨ នៅចំណុចក្រុមហ៊ុនដូងប្រេងវៀតណាមលំផាត់។

ជនសង្ស័យឈ្មោះ សុំ ប្រាជ្ញា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ចំណែកជនរងគ្រោះ ឈ្មោះ អ៊ុក នឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។

កាលពីម៉ោង៨៖៣០នាទីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចចម្ការកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ជនសង្ស័យឈ្មោះ សុំ ប្រាជ្ញា ភេ បានប្រើកាំបិតប៉័តតោកាប់ទៅលើជនរងគ្រោះឈ្មោះ អ៊ុក នឿន ចំនួន៣កាំបិត ត្រូវចំឆ្អឹងជំនីឆ្វេង២កន្លែង ចិញ្ចើមឆ្វេង១កន្លែង រងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្រ្គោះ និងបានបញ្ជូនបន្ដទៅព្យាបាលនៅប្រទេសវៀតណាម ។

ក្រោយកើតហេតុ៧ថ្ងៃ ជនសង្ស័យឈ្មោះ សុំ ប្រាជ្ញា ត្រូវសមត្ថកិច្ចចាប់ខ្លួនបានយកទៅកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់៕