សង់កូរ៉េជិះឆ្លងផ្លូវមិនប្រយ័ត្ន រថយន្តដឹកអ្នកដំណើរបើកបុកស្លាប់ លើផ្លូវជាតិលេខ៥

ពោធិ៍សាត់ ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរ រហូតស្លាប់បាត់ជីវិត បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវ ត្រូវបានរថយន្តដឹកអ្នកដំណើរ បើកបុក កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៥-១៥៦ ស្ថិតក្នុងភូមិ ប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

តមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សោម សុភាព ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគ ខេត្តពោធិ៍សាត់ ។ ហើយមុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៥ ពីត្បូងទៅជើង ដល់ចំណុចខាងលើ បត់ផ្លូវផ្លូវទៅឆ្វេងដៃទៅខាងលិច ដោយខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថយន្តដឹកអ្នកដំណើរ ៤២កៅអី ម៉ាក់ហុីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-6730 ដឹកអ្នកដំណើរ បើកពីលិចទៅកើត បុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្រ្គោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត តែជាអកុសល បានស្លាប់បាត់ជីវិត សមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី ។

រថយន្តនិងម៉ូតូ ក្រោយកើតហេតុ សមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការស្រុកក្រគ កសាងសំណុំរឿងតាមនីតិវិធី ៕