លោកកឹម សុខា ត្រូវតុលាការសម្រេចអនុញ្ញាតឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយ

ភ្នំពេញ៖ នៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ។លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានលោកគី ឬទ្ធី ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឲ្យដោះលែងនៅក្រៅឃុំជា បណ្តោះអាសន្នហើយ ។ លោកស្រីមួរ សុខហួរ អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ បានបង្ហោះ សារលើបណ្តាញសង្គមហ្វេសប៊ុកថា លោកកឹម សុខា បានចេញពីពន្ធនាគារត្រពាំងថ្លុងទៅដល់គេហដ្ឋាននៅម៉ោង៥ព្រឹកថ្ងៃដដែល។

លោកគឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅ វេលា ម៉ោង១២និង30នាទីអាធ្រាត្រចូលថ្ងៃ3កញ្ញា ឆ្នាំ2017 នៅផ្ទះរបស់លោកផ្ទាល់តែម្តងដែលស្ថិត នៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក ។ បន្ទាប់ពីត្រូវបានចាប់ខ្លួន លោកកឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកា បង្គាប់ឲ្យឃុំដាក់ពន្ធនាគារបណ្តោះអាសន្នកាលពីរសៀលថ្ងៃទី០៦ កញ្ញា ឆ្នាំ២០១៧កន្លងទៅ នៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ពីបទ សន្ទិដ្ឋិភាពជាមួយបរទេសតាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។

យោងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល បានឲ្យដឹងថា លោកកឹម សុខា ត្រូវចាប់ខ្លួនដោយមន្ត្រីនគរបាលយុត្តិធម៌ ក្នុងបទល្មើសជាក់ស្តែង ដោយអនុលោមតាមក្រមនីតិវិធី ព្រហ្មទណ្ឌនៃកម្ពុជា។ តាមរយៈវីដេអូក្លិប ដែលផ្សព្វផ្សាយដោយបណ្តាញ CBN ដែលមានទីតាំងនៅអូស្ត្រាលី និង ភស្តុតាងដដៃទៀតដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូលបាន គឺបានបង្ហាញឲ្យឃើញច្បាស់ អំពីផែនការសម្ងាត់នៃការឃុបឃិតគ្នារវាងលោកកឹម សុខា និងបក្សពួកជាមួយបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់កម្ពុជា៕