កម្លាំងប៉ុស្តិ៍ដង្កោបង្ក្រាបជនសង្ស័យប្រុស​ស្រី៤នាក់ខណៈកំពុងធ្វើសកម្មភាពកាច់កម៉ូតូប្រជាពលរដ្ឋ

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៤នាក់​ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌប៉ុស្តិ៍រដ្ឋបាលដង្កោធ្វើការឃាត់ខ្លួនជាក់ស្តែង​ ខណៈពួកគេធ្វើសកម្ម​ភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ​ នៅចំណុចចំណុចមុខផ្ទះលេខ៦E0 ផ្លូវបេតុងលេខ០១បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ។

លោក តុន តូនី នាយប៉ុស្តិ៍រដ្ឋបាលដង្កោបានអោយដឹងថាដោយមានការណែនាំពីលោកអធិការខណ្ឌ​ រូបលោកបានដឹកនាំកម្លាំងល្បាតនៅក្នុងមូលដ្ឋាន​ ដើម្បីការពារសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋអោយស្របតាមគោលនយោបាយ​ភូមិសង្កាត់មានសុវត្ថិភាព​ ។

លោក តុន តូនី បានបន្ដថា ខណៈកំពុងល្បាតស្រាប់តែប្រទះឃើញជនសង្ស័យប្រុសស្រី៤នាក់ជិះម៉ូតូពីរគ្រឿងឌុបគ្នាមកធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋដែលចតទុកនៅមុខផ្ទះ​ ភ្លាមៗនោះកម្លាំងក៏ឡោព័ទ្ធត្រង់ទីតាំងកើតហេតុឃាត់ក្រុមជនសង្ស័យបាន​យកមកស្នាក់ការប៉ុស្តិដង្កោដើម្បីធ្វើការសាកសួរ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង៤នាក់ត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះ​អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕