ហួសចិត្ដ! លោកស្រី ថ្លាង ផាណែត ចេញដីកាឲ្យចាប់ចោរ ដាក់គុក ពេលប៉ូលីសចាប់បានយកមកឲ្យដាក់គុកបែរជាលែង

ភ្នំពេញ៖ យោងតាមប្រភពពីប៉ូលីសខណ្ឌឬស្សីកែវ បានឲ្យដឹងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ថា បន្ទាប់ពីចាប់ខ្លួនតាមដីការបស់លោកស្រី ថ្លាង ផាណែត ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ លោកចោរលួចឡាន ឈ្មោះ ហាក់ ចាន់នី ត្រូវបានចៅក្រមដោះលែងវិញ ព្រោះតែរកកំហុសលែងឃើញ ថាជាចោរ។

បើតាមប៉ូលីស បានឲ្យដឹងថា ជនជាប់ចោទជាចោរលួចរថយន្ត មានឈ្មោះ ហាក់ ចាន់នី ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចោរ (តែប្រភពមិនច្បាស់ការថា លោកចោរ ជាយោធាផ្កាយ៣) មានទីលំនៅផ្ទះលេខ៩៥អ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ដើមចមដែលនាំឲ្យ លោកចោរ ត្រូវប៉ូលីសវៃខ្នោះព្រោះតែកាល ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ លោកស្រីចៅក្រម ថ្លាង ផាណែត បានប្រកាសសាលក្រមផ្តន្ទាទោស ដាក់គុក លោក ហាក់ ចាន់នី កំណត់ ២ឆ្នាំ និងចេញដីកាចាប់ និងឃុំខ្លួន ពាក់ព័ន្ធបទ ល្មើសឆបោក ។ មន្ត្រីតុលាការបង្ហើបថា អំពើឆបោក របស់លោក ហាក់ ចាន់នី គឺលួចឡានជនរងគ្រោះយកលក់ យួកលុយចាយលេង ។

គួររំលឹកថា កម្លាំងនគរបាល ខណ្ឌឬស្សីកែវ បានឃាត់ខ្លួនលោកចោរ ឈ្មោះ ហាក់ ចាន់នី កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុង ក្រុមទី៩ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនលេខ ៣២៨ ដ ច ន ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ របស់លោកស្រី ថ្លាង ផាណែត ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ ឆបោក (លួចរថយន្តគេយកទៅលក់) ប្រព្រឹត្តកាលពីកំឡុងឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ៕