សាកកម្លាំង! ម៉ូតូធំបោះពួយល្បឿនលឿនជ្រុលទៅបុកម៉តូសេ១២៥របួសធ្ងន់សងខាង

ភ្នំពេញ៖ ម៉ូតូធន់ធំបើកបោះពួយល្បឿនលឿន ជ្រុលទៅបុកម៉ូតូសេ១២៥កំពុងបើកឆ្លងផ្លូវត្រឡប់ក្រោយ បណ្តាលឲ្យរងរបួសធ្ងន់សងខាង ម៉ូតូរងខូចខាតខ្ទេចទាំង២គ្រឿង កាលពីវេលាម៉ោង៦និង ៤៥ នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ភាគីម៉ូតូធំ ពណ៌ក្រហ ខ្មៅ គ្មានស្លាកលេខ បើកបរដោយយុវជនម្នាក់ រងរបួសទ្រូងធ្ងន់ ចុកអួលណែន ។ ចំណែកភាគីម៉ូតូ សេរ១២៥ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1I-3442 បើកបរដោយយុវជនម្នាក់ ជាសិស្សសាលាកូរ៉េ រងរបួស រយះជើងឆ្វេងធ្ងន់ ។

តាមប្រភពពីពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូសេ១២៥ ជិះពីលិចទៅកើត ដល់ចំណុច ចន្លោះទ្រូវផ្លូវដាច់ បានបត់ឆ្លងផ្លូវបំណង់ត្រឡប់ក្រោយ ត្រូវបាន ម៉ូតូធន់ធំ បើកពីលិចទៅកើតដែរ តែល្បឿនមិនចាញ់យន្តហោះ បោះពួយល្បឿនលឿន ដល់ពេលអាសន្នមកដល់ ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកពីទទឹងម៉ូតូ សេ១២៥ បណ្តាលឲ្យម៉ូតូធំ បោកត្រឡប់ជាច្រើនត្រឡប់អូសផ្លោងជាង១០ម៉ែត្រ បណ្តាលឲ្យម៉ូតូទាំង២គ្រឿង ខ្ទេចដូចគ្នា ហើយរបួសធ្ងន់សងខាង ។

ក្រោយកើតហេតុ ភាគីម៉ូតូសេ១២៥ ត្រូវបានឡានពេទ្យគ្លីនិក រស្មី ហៅ ខឹម រ៉ានី ដឹកយកទៅព្យាបាល ចំណែកភាគីម៉ូតូធំ ត្រូវបានមិត្តភ័ក្រ ដឹកតាមម៉ូតូកង់បី ទៅពេទ្យដោយខ្លួនឯង ។ ករណីគ្រោះថ្នាក់ខាងលើ ផ្តើមចេញពីការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្នក្នុងការបើកបរ ក្រោយកើតហេតុ សមត្ថកិច្ច បានវាស់វែងយកម៉ូតូទាំង២ទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕