ឃាត់ខ្លួន​បុរស​ម្នាក់​កាប់​មន្ត្រី​នគរបាល​រង​របួស​ ខណៈ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​

​ភ្នំពេញ​៖​ នៅ​វេលា​ម៉ោង​០១​និង​០០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៨​ នគរបាល​ប៉ុស្តិ៍​ព្រែក​ឯង​ មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ (​ប្រើ​កាំបិតប៉័ងតោ​កាប់​បណ្តាល​ឲ្យ​របួស​ ទៅ​លើ​មន្ត្រី​នគរបាល​ ខណៈ​បង្ក្រាប​បទល្មើស​នៅ​ចំណុច​មុខ​ដី​ឡូត៍​គ្មាន​លេខ​ ផ្លូវ​បេតុង​ ភូមិ​របោះ​អង្កាញ់​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ ។​ ​ជន​រង​គ្រោះ​ឈ្មោះ​ ទឹម​ ដុ​ង​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​នគរបាល​ប៉ុស្តិ៍​ព្រែក​ឯង​ ស្នាក់​នៅ​ភូមិ​ចុង​ព្រែក​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ ។​

​ជនសង្ស័យ​ឈ្មោះ​ សរ​ មក​រា​ ភេទ​ ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ កម្មករ​ដឹក​បន្លែ​ ស្នាក់​នៅ​ភូមិ​តា​ងៅ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​កើតហេតុ​ខាងលើ​ ជន​រង​គ្រោះ​ និង​ឈ្មោះ​ ខាន់​ កុម្ភៈ​ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ព្រែក​ឯង​ បាន​ល្បាត​ក្នុង​មូលដ្ឋាន​ ។​ ពេល​មក​ដល់​ចំណុច​កើត​ខាងលើ​ ក៏​ឃើញ​ជនសង្ស័យ​កំពុង​ឈរ​ជិត​ម៉ូតូ​ម៉ាក​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FU-5540​ ពេល​នោះ​ជន​រង​គ្រោះ​ និង​ឈ្មោះ​ ខាន់​ កុម្ភៈ​ ក៏​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​ក្រាម​ពណ៌​ស​ថ្លា​ (​សង្ស័យ​គ្រឿងញៀន​)​ ០១​កញ្ចប់​ថង់​តូច​,​ អាវុធ​ខ្លី​ជ័រ​០១​ដើម​ និង​ កាំបិតប៉័ងតោ​០១,​ កូន​កន្ត្រៃ​០១,​ ដែកកេះ​០២,​ ទូរស័ព្ទ​ដៃ​ ម៉ាក​ណូ​គារ​ ០១​គ្រឿង​ និង​ដង្កាប់​០១​ ដែល​ជនសង្ស័យ​លាក់​ទុក​នៅ​ ក្នុង​ការ​បូ​ប​ស្ពាយ​ក្រោយ​ពណ៌​ប្រផេះ​ ។​

ភ្លាម​នោះ​ជនសង្ស័យ​ក៏​ឆក់​យក​កាំបិតប៉័ងតោ​កាប់​ទៅ​លើ​ជន​រង​ គ្រោះ​ចំ​កដៃ​ខាង​ ស្តាំរ​ងរ​បួស​ រួច​ជន​រង​គ្រោះ​ និង​ឈ្មោះ​ ខាន់​ កុម្ភៈ​ ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ រួម​នឹង​វត្ថុ​តាង​ បញ្ជូន​មក​ប៉ុស្តិ៍​នគរបាល​ប៉ុស្តិ៍​ព្រែក​ឯង​តែ​ម្តង​។​ ជនសង្ស័យ​ញៀន​គ្រឿងញៀន​ខ្លាំង​ ​បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី​ ៕