ទៀតហើយៗ! អាសូរណាស់ ផ្ទុះគ្រាប់ស្លាប់ក្មេងម្នាក់របួស៣នាក់ខណៈទៅឃ្វាលគោ

ខេត្ដកំពុងស្ពឺ៖ ក្មេងៗមួយក្រុមនៅគ្រាដែលទៅឃ្វាលគោ ក្របី ឆ្ងាយពីភូមិហើយរើសបាន គ្រាប់បែកប្រភេទ M79 មួយគ្រាប់ដែលបន្សល់នៅតាំពីសម័យសង្គ្រាម ហើយយកមកដំលេង បណ្តាលឲ្យផ្ទុះស្លាប់ម្នាក់និងរងរបួសធ្ងន់០៣នាក់ គួរឱ្យរន្ធត់បំផុត ហើយត្រូវបានអ្នកភូមិ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍ភ្លាមៗ នាំយកក្មេងដែររបួស៣នាក់ទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។ បើតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ហេតុការណ៍ផ្ទុះគ្រាប់ខាងលើនេះ កើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី26ខែសីហាឆ្នាំ២០១៨ ស្ថិតនៅចំណុចក្បែរ បរិវេណបន្ទាយ អា សេ អូ (ACO) ស្ថិតក្នុងភូមិ ក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បើតាមសម្តីលោក យស់ ឌីណា មេបញ្ជាការមូលដ្ឋានកងអាវុធហត្ថស្រុកភ្នំស្រួច បានឲ្យដឹងថា ក្មេងរងគ្រោះទាំង០៤នាក់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់ខាងលើនេះមាន ទី១ឈ្មោះ​ងោល​ តាំង​ហេង​ ភេទប្រុស​អាយុ​១០ឆ្នាំ​ (ស្លាប់កន្លែងកើតហេតុ) ទី ២ឈ្មោះ​ សូន​ រ័ត្ន​ ភេទ​ប្រុស​អាយុ​១២ឆ្នាំ ទី ៣​ឈ្មោះ​យ៉ែម ស្វិត​ ភេទ​ប្រុស​ អាយុ​៩ឆ្នាំ​រងរបួស​ធ្ងន់​ និងទី៤,ឈ្មោះ​ យ៉ែម​ ខ្មៅ​ ភេទ​ប្រុស​ អាយុ៦ឆ្នាំ ទាំងបួននាក់ រស់នៅភូមិ ក្អែក​ពង​ ឃុំតាំងស្យា​ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺជាមួយគ្នា។

លោកមេបញ្ជាការូបនេះបាន បន្តថាមុនពេលកើតហេតុក្មេងឃ្វាលគោទាំង០៤នាក់បានរើសបានគ្រាប់បែកមួយគ្រាប់ជាប្រភេទM79 ហើយ យកទៅដំលេង រួចបណ្តាលឱ្យផ្ទុះឡើងតែម្តង ធ្វើឱ្យក្មេងប្រុសម្នាក់ ឈ្មោះងោល តាំងហេង ស្លាប់នៅនិងកន្លែងកើតហេតុតែម្តង និងក្មេង៣នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ ។ហើយក្រោយពីកើតហេតុក្មេងរងរបួសទាំង០៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចអាវុធហត្ថ ក្រុមគ្រួសារក្មេងរងគ្រោះ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺភ្លាមៗតែម្តង។ ចំណែសពក្មេងរងគ្រោះត្រូវបានមន្ត្រីជំនាញក្រោយពីពិនិត្យរួច បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

នេះហើយលទ្ធផល គ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះសល់ពីសម័យសង្គ្រាម នៅតែបន្តសម្លាប់ជីវិតប្រជាពលរដ្ឋ ចាស់ ក្មេង និងធ្វើឱ្យពិការ ជាបន្តបន្ទាប់ ។ ហើយសូមបងប្អូនប្រជាពលរដ្ឋពិសេសក្មេងត្រូវមានការប្រុងប្រយ័ត្ននៅគ្រាដែលប្រទះឃើញ ឫរើសបានគ្រាប់មិនទាន់ផ្ទះ ឫរបស់សង្ស័យពាក់ព័ន្ធនិងគ្រឿងផ្ទុះ សូមកុំប៉ះពាល់ ហើយត្រូវដាក់សញ្ញាសំគាល់គ្រោះថ្នាក់ រួចត្រូវរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបងប្អូន ដើម្បីឱ្យសមត្ថកិច្ចចុះពិនិត្យ ៕