រកឃើញកន្លែងលក់ប្រេង២កន្លែងលក់ប្រេងមិនគ្រប់លីត្រនៅខណ្ឌមានជ័យ

រាជធានីភ្នំពេញ៖ មន្ត្រីកាំកុងត្រូលនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ បានបន្តចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន៦ នៅក្នុងខណ្ឌមានជ័យ ក្នុងចំណោមស្ថានីយ និងដេប៉ូទាំង៦នេះ មានស្ថានីយ និងដេប៉ូចំនួន៤កន្លែង បានអនុលោមលើផ្នែកគុណភាព និងរង្វាស់រង្វាល់ ចំណែកដេប៉ូពីរកន្លែងមានកង្វះបរិមាណប្រេងមិនត្រឹមត្រូវតាមបទដ្ឋានរង្វាស់រង្វាល់នោះឡើយ។

ការចុះត្រួតពិនិត្យនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈនេះ ដឹកនាំដោយលោក ងួន សុមល្លីវង្ស អនុប្រធាននាយកដ្ឋានសហការជាមួយមន្រ្តីជំនាញរបស់មន្ទីពិសោធន៍។ ការត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ការពារគ្រឿងម៉ាស៊ីននៃយានជំនិះគ្រប់ប្រភេទ និងការពារបរិស្ថានដែលកើតចេញពីចំហេះប្រេងឥន្ធនៈមិនសមស្រប និងពិសេសដើម្បីទប់ស្កាត់ការកែ្លងបន្លំ។

នៅក្នុងការត្រួតពិនិត្យគុណភាព និងបរិមាណនេះ គឺផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពីកុងទ័រតាមទំហំផ្សេងខុសគ្នាមានចំណុះ ៥លីត្រ១០លីត្រនិង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត ។ ចំពោះដេប៉ូដែលលក់ប្រេងមិនត្រឹមត្រូវតាមបទដ្ឋានរង្វាស់រង្វាល់នេះ ក្រុមមន្ត្រីត្រួតពិនិត្យបានឲ្យម្ចាស់ស្ថានីយ និងដេប៉ូធ្វើកិច្ចសន្យាកែតម្រូវម៉ាស៊ីនលក់ប្រេងតាមការធ្វើព្យាសកម្មឲ្យបានត្រឹមត្រូវឡើងវិញតាមរយៈស្ថាប័នមានសមត្ថកិច្ចជំនាញ។

ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យអោយបានគ្រប់ស្ថានីយទាំងអស់ទូទាំងប្រទេស ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់។ ចំពោះក្រុមហ៊ុន/ដេប៉ូ ដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈមិនសមស្រប ត្រូវបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះសោធនឹងត្រូវទទួលរងនូវចំណាត់ការតាមនីតិវិធីនៃច្បាប់ជាធរមាន។

អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ។ ពោលត្រូវជ្រើសរើសក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មីលក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អហើយគ្រប់ចំនួនលីត្រ។

លើសពីនេះទៀតនៅពេលចាក់ប្រេងត្រូវពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ចមុនពេលចាក់តាមដានដំណើរការនៃលេខកុងទ័រ ដែលត្រូវចាប់ផ្កើមជាមួយគ្នានឹងម៉ាស៊ីនបាញ់ប្រេងរហូតដល់ចំនួនលីត្រចុងក្រោយ ដែលបានស្នើតាមដានសេចក្តីជូនដំណឹងពីតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្មនិងត្រូវប្រុងប្រយ័ត្ន សុវត្ថិភាពផ្នែកអគ្គីភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះពេលចាក់បំពេញប្រេងក្នុងស្ថានីយ និងសូមផ្តល់ព័ត៌មានមកមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី ខេត្ត ឬមកអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលបាតុភាពជាយថាហេតុណាមួយ៕