ទឹកទន្លេសេកុង ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានហក់ឡើងលើកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នជាថ្មី

ស្ទឹងត្រែង៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៩ ខែសីហា​ ឆ្នាំ២០១៨នេះ បានប្រកាសថា ទឹកទន្លេសេកុង ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានហក់ឡើងលើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នជាថ្មី ម្តងទៀតហើយ ។ Facebook ផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសយ៉ាងដូច្នេះថា «ទឹកទន្លេសេកុង ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានហក់ឡើងលើកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នជាថ្មី។ គិតត្រឹមម៉ោង ៦៖០០ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ ទឹកមានកម្ពស់ ១១,៩៨ ម៉ែត្រ (ដែលកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នគឺ ១១,៥០ម៉ែត្រ)»។

ក្រសួងក៏បានឲ្យដឹងដែរថា មកដល់ម៉ោង ៧៖០០ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ ទឹកជំនន់នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង (គម១១៦-១១៧) នៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក៏បានកើនឡើងមួយកម្រិតបន្ថែមទៀត និងកំពុងហូរកាត់ពីលើផ្លូវ និងស្ពាន ប្រវែងជាង ៣០០ម៉ែត្រ។ បើតាមក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពបែបនេះ ការធ្វើចរាចរឆ្លងកាត់ នៅតែត្រូវបានអាជ្ញាធរផ្អាកទាំងស្រុង៕