តុលាការសម្រេចឃុំខ្លួន កូនថៅកែកាប់ជ្រូកដាក់គុកព្រៃស

ភ្នំពេញ​៖​​​ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនបុរសរកស៊ីកាប់ជ្រូកម្នាក់ នៅគ្នុងពន្ធនាគារព្រៃស ពីបទប្រើប្រាស់អាវុធខុសច្បាប់ ដើម្បីគំរាមកំហែងសម្លាប់ និងប្រើរថយន្តលេខរាជការដោយខុសច្បាប់។

លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួន បន្ទាប់ពីលោកព្រះរាជអាជ្ញារង សៀង សុខ បានចោទប្រកាន់បុរសចិនកាប់ជ្រូកឈ្មោះ គ្រី ដារិន ហៅអាពៅ អាយុ៣៨ឆ្នាំ ពីបទគំរាមកំហែងថានឹងសម្លាប់ដោយបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតនិងបទប្រើប្រាស់ដោយគ្មានការសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ យោងតាមមាត្រា២៣៤ មាត្រា៤៩០ និងមាត្រា៦១៥ នៃក្រមព្រហ្មទណ្ឌ។
កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញេ បានសម្រេចចោទប្រកាន់បុរសកាប់ជ្រូក ដែលអាងអំណាចមាសប្រាក់ ភ្ជង់កាំភ្លើងមិនឲ្យរថយន្តទំនើបរបស់ខ្លួន ទៅការិយាល័យនគរបាលចរាចរណ៍។

យោងតាមមាត្រា២៣៤ចែងថា​​​ ​​​«ការគំរាមកំហែងថានឹងសម្លាប់ក្រោមទម្រង់ណាក៏ដោយ ប្រសិនបើការគំរាមកំហែងនេះ ត្រូវបានធ្វើឡើងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លាន ទៅ៦លានរៀល»។ ចំណែកមាត្រា៤៩០ចែងថា «គ្រប់បុគ្គលដែលនៅក្រៅលំនៅដ្ឋានរបស់ខ្លួន យកតាមខ្លួន ឬដឹកជញ្ជូននូវអាវុធ គ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លាន ទៅ៦លានរៀល»។ ចំណែកជនបង្កឈ្មោះ ស្រ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ្នកកាប់ជ្រូក ត្រូវបានចោទពីបទសមគំនិតក្នុងអំពើគំរាមកំហែងថានឹងសម្លាប់ដោយបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ យោងតាមមាត្រា២៩ និងមាត្រា២៣៤ នៃក្រមព្រហ្មទណ្ឌ។ នៅព្រឹកថ្ងៃទី១៨ ខែសីហានេះ នៅមិនទាន់ដឹងថា តើលោកចៅក្រមរូបណានឹងទទួលភារកិច្ចសាកសួរបន្តបន្ទាប់ពីតំណាងអយ្យការបានផ្តើមចោទប្រកាន់រួចហើយ។

នគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ បាននាំខ្លួនបុរសចិនកាប់ជ្រូក ប្រើប្រាស់រថយន្តស្លាកលេខរាជការដ៏ហ៊ឺហា បើកបុកបង្កោលភ្លើងហើយយកកាំភ្លើងភ្ជង់កំហែងមិនឲ្យយករថយន្តរបស់ខ្លួន បន្ទាប់ពីត្រូវចាប់វាយខ្នោះផ្អើលពេញរាជធានីភ្នំពេញ កាលពីម្សិលមិញ។

លោកវរសេនីយ៍ត្រី ហាក់ ប៊ុនថន អធិការរងខណ្ឌឫស្សីកែវ បានមានប្រសាសន៍ប្រាប់ នារសៀលថ្ងៃនេះថា បុរសចិនកាប់ជ្រូកឈ្មោះ​​​ គ្រី ដារិន ហៅអាពៅ អាយុ៣៨ឆ្នាំ ត្រូវបាននគរបាលកសាងសំណុំរឿងពីបទកំហែង និងប្រើប្រាស់អាវុធខុសច្បាប់ ចំណែកបុរសម្នាក់ទៀត ឈ្មោះ ស្រ៊ុន ពិសិដ្ឋ អាយុ៣០ឆ្នាំ ប្រឈមនឹងការចោទប្រកាន់ពីបទសំគំនិត។

នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ ប៉ូលិស​ចម្រុះ ដោយមាន​បញ្ជា​ពី​ព្រះរាជអាជ្ញារង​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចាប់​វ៉ៃខ្នោះ​បុរស​ពីរ​នាក់ ដែល​ជិះឡាន​ស្លាក​លេខ រដ្ឋាភិបាល បើក​បុក​ទ្រូងផ្លូវ និង​បង្គោល​ភ្លើង ហើយ​ដក​កាំភ្លើង​ភ្ជង់រារាំងមិនឲ្យយកឡានរបស់ខ្លួនទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពី​យប់ ដើម្បី​បើកឡាន​យកទៅ​លាក់ទុក​នៅផ្ទះ​សង់​ថ្មី ស្ថិត​ក្នុងខណ​ឫស្សីកែវ​។

ឈ្មោះ គ្រី ដា​រិ​ន អាយុ៣៨ឆ្នាំ​ មានមុខរ​បរជា​អ្នកកាប់ជ្រូក​ នៅសត្តឃាតដ្ឋាន ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ ចំណែកបុរសម្នាក់ទៀតឈ្មោះ ស្រ៊ុន ពិសិដ្ឋ អាយុ៣០ឆ្នាំ និងកម្មករម្នាក់ទៀត ក៏ត្រូវចាប់ខ្លួនផងដែរ ដោយសង្ស័យថា​​​​​​ បានរួមគំនិតជាមួយបុរសកាប់ជ្រូក ក្នុងការរារាំង និងលាក់បាំងវត្ថុតាងបទល្មើស។

​សូម​រំឭកថា បុរស​ទាំងពីរ​នាក់​នេះ បាន​ជិះ​រថយន្ត​ទំនើប ម៉ាក Lexus 570 ពណ៌​ស​ពាក់​ស្លាក​លេខ រដ្ឋ 07 2-8989 កាល​យប់​ថ្ងៃទី​១៤ ឈានចូល​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ចង្កូត​ឡើង​ខឿន​ផ្លូវ បុក​បង្គោល​ភ្លើង​មួយ​ដើម បណ្តាល​ឲ្យ​បាក់​។ រីឯ​រថយន្តខូចខាត​ផ្នែក​ខាងមុខខាងឆ្វេង​។

នៅពេល​មាន​អន្តរាគមន៍​ពី​ប៉ូលិស ដើម្បី​ដោះស្រាយ​នៅ​កន្លែងកើតហេតុ ដោយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញស្ទូចយករថយន្តបង្កនេះ ទៅរក្សាទុកនៅការិយាល័យ ដើម្បីរង់ចាំដោះស្រាយនៅព្រឹកថ្ងៃបន្ទាប់ ប៉ុន្តែនៅពេលនោះ បុរសជាម្ចាស់ឡាន ឈ្មោះ​​​ គ្រី ដារិន បានភ្ជង់កាំភ្លើងបង្ខំអ្នកបើកបររថយន្តស្ទូច ឲ្យដឹកឡានរបស់ខ្លួនយកទៅលាក់ទុកនៅក្នុងផ្ទះមួយ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ដោយល្មើសនឹងបទបញ្ជារបស់នគរបាល។

ក្រោយពីបុរសកាប់ជ្រូករូបនេះ យករថយន្តទៅលាក់ទុកក្នុងផ្ទះរួចហើយ នាវេលាម៉ោង៤ទៀបភ្លឺ កម្លាំងនគរបាលបានព័ទ្ធផ្ទះនេះ រហូតដល់ព្រឹកម៉ោង៨ ទើបសមត្ថកិច្ច​សម្រេច​ចាប់វាយខ្មោះម្ចាស់ឡាន និងបុរស២នាក់ទៀត យកទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ព្រមទាំង​ដកហូតបានអាវុធខ្លីមួយដើមម៉ាក XZផងដែរ ៕