ចាស់ហើយម្ដេចធ្វើបាបក្មេងបែបនេះ

ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ លើជនរងគ្រោះជាអនីតិជន ចំនួន០២នាក់ ការឃាត់ខ្លួននេះធ្វើឡើងនៅចំណុចភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១០៖០៥នាទី នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ ក្រោយពេលទទួលពាក្យបណ្តឹងរបស់ពីក្រុមគ្រួសារជនរងគ្រោះ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះទាំងពីរនាក់បងប្អូន បានឱ្យដឹងថា នៅក្នុងអំឡុងឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ កែវ នន់ បានរំលោភសេពសន្ថវៈ ទៅលើកុមារីរងឈ្មោះ ក.ន អាយុ១៣ឆ្នាំនៅចំណុចគុម្ពឬស្សីព្រៃខាងក្រោយផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិ.ឃុំខាងលើ តែដោយភ័យខ្លាច កុមាររងគ្រោះ មិនបានប្រាប់ដល់ម្តាយឡើយ ។ លុះមកដល់ អំឡុងខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យដដែលនេះ បានរំលោភសេពសន្ថវៈទៅលើកុមារីរងគ្រោះម្នាក់ទៀតឈ្មោះ ក.ស.ណ អាយុ១០ឆ្នាំ នៅក្នុងបន្ទប់ផ្ទះរបស់ជនសង្ស័យ កុមាររងគ្រោះ ក៏មិនហ៊ានប្រាប់ដល់ម្តាយទៀត ។ លុះមកដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ដោយឪពុកជនរងគ្រោះ ដែលចុះពីផ្ទះ ធ្វើការរកស៊ីឆ្ងាយ មកផ្ទះជួបប្រពន្ធកូន គ្រានោះកុមាររងគ្រោះ បានប្រាប់ថា កូនត្រូវបានតាចាប់រំលោភ។ ឮដូចនេះម្តាយជនរងគ្រោះ ក៏សួរនាំពីដំណើររឿង ដើម្បីឲ្យច្បាស់ក្នុងចិត្ត ហើយកូនស្រីឈ្មោះ ក.ស.ណ បានប្រាប់ពីទីកន្លែងដែលជនសង្ស័យ ប្រព្រឹត្តមកលើខ្លួន ទើបកូនស្រីម្នាក់ទៀតឈ្មោះ ក.ន ប្រាប់ថាកាលពីអំឡុងឆ្នាំ២០១៧ ជនសង្ស័យក៏ធ្លាប់បានប្រព្រឹត្តទង្វើនេះ មកលើរូបខ្លួនដែរ ។ ក្រោយស្តាប់កូនទាំងពីររៀបរាប់ប្រាប់ចប់ មកដល់ព្រឹកថ្ងៃទី១៧ ខែសីហានេះ ម្តាយរបស់ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឱ្យខ្លួន។

លោកវរសេនីយ៍ទោ តាន់ គារិទ្ធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានប្រាប់ឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹង ពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចបានចុះដល់ផ្ទះជនសង្ស័យរួចឃាត់ខ្លួន នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីស៊ើបសួរ។ ក្រោយការស៊ើបសួររបស់សមត្ថកិច្ច បានទទួលចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ កែវ នន់ ថាខ្លួនពិតជាបានរំលោភសេពសន្ថវៈ លើកុមារីរងគ្រោះទាំងពីរប្រាកដមែន។

លោកអធិការបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យឈ្មោះ កែវ នន់ ត្រូវជាជីតារបស់ជនរងគ្រោះទាំងពីរ ហើយបច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនមកកាន់សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕