ទីបំផុតចោទប្រកាន់ ថៅកែ កាប់ជ្រូក និងកូនចៅ ៣បទល្មើស និងបញ្ជូនទៅចៅក្រមសម្រេច ដាក់គុក ឬមិនដាក់គុក

ចោទប្រកាន់ ថៅកែ កាប់ជ្រូក និងកូនចៅ ៣បទល្មើស និងបញ្ជូនទៅចៅក្រមសម្រេច ដាក់គុក ឬមិនដាក់គុក

ភ្នំពេញ៖ ទីបំផុតទៅ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ លោក សៀង សុខ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ ថៅកែកាប់ជ្រូក និងកូនចៅ ចំនួន ៣ បទល្មើស និងបានបញ្ជូនសំណុំរឿង ទៅឲ្យចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។

លោកព្រះរាជអាជ្ញារង សៀង សុខ បានឲ្យដឹងតាម Telegram ថា លោកបានសម្រេចចោទប្រកាន់ លើឈ្មោះ គ្រី ដារិន ហៅ អាពៅ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ថៅកែកុងស៊ីកាប់ជ្រូក ពីបទ គំរាមគំហែងថានឹងសម្លាប់ដោបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ បទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញានិងបទ ប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្តដែលមានសញ្ញាសម្គាល់ យោងតាម មាត្រា២៣៤ មាត្រា៤៩០ និងមាត្រា៦១៥ នៃក្រមព្រហ្មទណ្ឌ។

ចំណែកជនបង្កឈ្មោះ ស្រ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ អ្នកកាប់ជ្រូក ត្រូវបានចោទ ពីបទ សមគំនិតក្នុងអំពើ គំរាមគំហែងថានឹងសម្លាប់ដោបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ យោងតាមមាត្រា ២៩ និងមាត្រា ២៣៤ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា សមត្ថកិច្ចបានឃាត់ខ្លួន ជនត្រូវចោទទាំង ២នាក់ខាងលើ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅខណ្ឌឬស្សីកែវ បន្ទាប់ពីក្រុមជនត្រូវចោទ បានបើករថយន្ត ម៉ាក Lexus 570 ព័ណ៌ស ពាក់ស្លាកលេខ រដ្ឋ 07 2-8989 បុកបង្គោលភ្លើងបំភ្លឺផ្លូវរបស់រដ្ឋ កាលពីយប់ថ្ងៃទី ១៤ ខែសីហា ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៨ នៅតាមបណ្តោយផ្លូវជាតិ ៥។

ក្រោយកើតហេតុសមត្ថកិច្ច បានស្ទួចយករថយួន្តបង្កទៅស្នងការនគរបាលរាជធានីភ្នំពេញ ប៉ុន្តែក្រុូមជនត្រូវចោទ បានប្រើប្រាស់ អាវុធខ្លី គំរាម តៃកុងរថយន្តស្ទួច ឲ្យយករថយន្តរបស់ពួកគេ ទៅដាក់លាក់ទុកនៅ ក្នុងផ្ទះមួយ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ដោយល្មើសនឹងបទបញ្ជារបស់នគរបាល៕