លោក ម៉ៅ ភិរុន អភិបាលខេត្ត​កណ្ដាល ប្តឹង​អគ្គនាយករង​ក្រុមហ៊ុន អេ​ង ឌី​ប៉ូ អភិវឌ្ឍន៍ រឿង….

ខេត្តកណ្ដាល ៖ លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល បាន​ប្តឹង​ចូល​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ លើ​រូប​លោក លី សា​ម៉េ​ត អគ្គនាយករង​ក្រុមហ៊ុន អេ​ង ឌី​ប៉ូ អភិវឌ្ឍន៍ នេះ​បើ​តាម​កាសែត​ក្នុងស្រុក​មួយ​បាន​ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ សីហា ២០១៨​នេះ​។
ដូច​តាម​ការ​អះអាង​កន្លង​មក​ថា ក្រោយ​បោះ​ឆ្នោត​រួច លោក​អភិបាលខេត្ត​កណ្ដាល នឹង​លេង​ផ្លូវច្បាប់​ជាមួយនឹង​លោក​អគ្គនាយករង​ក្រុមហ៊ុន អេ​ង ឌី​ប៉ូ អភិវឌ្ឍន៍ ឥឡូវនេះ​ប្តឹង​មែន ។ ការ​ប្តឹងផ្តល់​នេះ គឺ​បន្ទាប់​ពី​លោក លី សា​ម៉េ​ត បាន​ផ្សព្វផ្សាយ​ជា​ច្រើន​លើក​ច្រើន​សារ ដោយ​ចោទប្រកាន់ លោក ម៉ៅ ភិ​រុណ ថា បាន​ប្លន់​ដី​ក្រុមហ៊ុន នៅ​ចំណុច​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្ដាល ដោយ​បាន​ធ្វើ​របាយការណ៍​កុហក​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា លោក ម៉ៅ ភិ​រុណ បាន​ប្តឹង​លោក លី សា​ម៉េ​ត ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ប្រមាថ ។ បច្ចុប្បន្ន​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៤៧២៧ ចុះ​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៨ កំពុង​ស្ថិត​ក្រោម​ចំណាត់ការ​របស់​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មានបន្ត​ថា តុលាការ បាន​កោះហៅ​លោក លី សា​ម៉េ​ត ចូល​បំភ្លឺ​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែសីហា ខាង​មុខ​នេះ​ផង​ដែរ ។ តុលាការ​តម្រូវ​ឱ្យ​សា​ម៊ី​ខ្លួន ត្រូវ​អញ្ជើញ​មក​ឱ្យទាន់​ពេលវេលា និង​យក​លិខិត​ផ្សេង​ៗ​ដែល​ទាក់ទង​យក​មក​ជាមួយ​ផង ។ ពាក់ព័ន្ធ​ការ​ប្តឹងផ្ដល់​នេះ លោក លី សា​ម៉េ​ត អះអាង​ថា ខ្ញុំបាទ លី សា​ម៉េ​ត និង ឧកញ៉ា ឌី ប៉ូ សូម​ជម្រាប​លោក​អភិបាល​ខេត្តកណ្តាល ម៉ៅ ភិ​រុណ អោយ​បាន​ជ្រាប​ថា លោក​បាន​យក​ដី​ក្រុមហ៊ុន​ខ្ញុំ​ទៅ​លក់ ធ្វើ​របាយការណ៍​ភូត​កុហក​សម្តេច លោក​បាន​យក​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ទៅ​កុហក​សម្តេច ឥឡូវ​ប្រជាជន​នៅ​ឃុំ​កំពង់​អុស​ទាំងមូល​ដឹង​លឺ​អស់ហើយ ហើយ​ប្រជាជន​ទាំងអស់ ក៏​ព្រម​មក​ធ្វើ​ជា សាក្សី​ទាំងអស់​គ្នា ។ លោក លី សា​ម៉េ​ត បាន​និយាយ​ច្រើន ពាក់ព័ន្ធ​ករណី​នេះ ។

យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក លី សា​ម៉េ​ត បាន​សរសេរ កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ បាន​សរសេរ​ថា ខ្ញុំបាទ លី សា​ម៉េ​ត អគ្គនាយករង​ក្រុមហ៊ុន អេ​ង ឌី​ប៉ូ អភិវឌ្ឍន៍ និង ឧកញ៉ា ឌី​ប៉ូ សូម​ជម្រាប​លោក​អភិបាល​ខេត្តកណ្តាល ម៉ៅ ភិ​រុណ ឲ្យ​បាន​ជ្រាប​ថា លោក​បាន​យក​ដី​ក្រុមហ៊ុន​របស់ខ្ញុំ​ទៅ​លក់ ហើយ​ធ្វើ​របាយការណ៍​កុហក​សម្តេច ដោយ​លោក​បាន​យក​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ទៅ​កុហក​សម្តេច​។ ឥឡូវ​ប្រជាជន រស់នៅ​ឃុំ​កំពង់​អុស​ទាំងមូល បានដឹង​ឮ​អស់ហើយ ហើយ​ប្រជាជន​ទាំងអស់​ក៏​ព្រម​មក​ធ្វើ​ជា​សាក្សី​ទាំងអស់​គ្នា​ដែរ​។

គណនី​ដដែល បាន​សរសេរ​បន្ត​ថា លោក​បាន​កុហក​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​ងឿងឆ្ងល់​ថា យក​ស្នាម​មេដៃ​ពួក​គាត់​ទៅ​ធ្វើ​អ្វី ? ប៉ុន្តែ​ខាង​លោក​អភិបាលខេត្ត ម៉ៅ ភិ​រុណ ថា យក​ស្នាម​មេដៃ​ទៅ គាំទ្រ​សម្តេច​។ ផ្ទុយ​ទៅ​វិញ លោក​បាន​យក​ស្នាម​មេដៃ​ប្រជាជន​មក​ធ្វើ​របាយការណ៍​កុហក​សម្តេច ហើយ​លោក​យក​ដី​របស់​ក្រុមហ៊ុន​ទៅ​លក់​ចែក​អ្នកមាន និង​ឧកញ៉ា​មួយ​ចំនួន​។ ខ្ញុំបាទ លី សា​ម៉េ​ត មាន​ភ័ស្តុតាង​គ្រប់គ្រាន់ មាន​ទាំង​វី​ដេ​អូ​ក្លី​ប ដែល​លោក​បាន​បញ្ជា​កូនចៅ​ថ្នាក់​ក្រោម​ទៅ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​។ មិនតែប៉ុណ្ណោះ លោក​បាន​ចោទ​ថា ក្រុមហ៊ុន​ខ្ញុំ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ដើរ លោក​ធ្វើ​របាយការណ៍​កុហក​ថា ប្រជាជន​ដើរ​មិន​បាន រក​ត្រី​មិន​បាន​។ រឿង​ទាំង​អស់នេះ​សុទ្ធតែ​លោក​ជា​អ្នក​ប្រឌិត​ឡើង​ទាំងអស់​។ លើស​ពី​នេះ​ទៅ​ទៀត លោក (​អភិបាលខេត្ត​) បាន​យក​ដី​ក្រុមហ៊ុន​របស់ខ្ញុំ​ទៅ​លក់​អស់ហើយ​លោក​បែរមក​ប្តឹង​ខ្ញុំ​ដាក់គុក​ទៀត​។ វា​ពិតជា​អយុត្តិធម៌​ណា​ស់ម្រាប់​រូប​ខ្ញុំ​។ សូម​ប្រជាពលរដ្ឋ​ទាំងអស់​ពិចារណា​ទាំងអស់​គ្នា​។

គណនី​ដដែល បាន​សរសេរ​បន្ត​ថា បើ​លោក​អភិបាល​ខេត្តកណ្តាល​ថា ខ្លួន​លោក​មិន​បាន​យក​ដី​ក្រុមហ៊ុន​ទៅ​លក់​ឲ្យ​គេ​ទេ​នោះ លោក​ហ៊ាន​មក​ស្បថ​ជាមួយ​ខ្ញុំបាទ នៅ​ព្រះ​អង្គ​ដង​កើ បាន​ឬ​អត់ ? តើ​លោក​យក​ដី ក្រុមហ៊ុន​នោះ​ពិត ឬ​មិន​ពិត ? ពីព្រោះ​ឈ្មោះ​ដែល​លោក​បាន​លក់​ឲ្យ​នោះ សុទ្ធតែ​ជា​ពួក​ឈ្មួញ​ខិលខូច និង​អ្នកមាន​មួយ​ចំនួន ហើយ​គ្មាន​ឈ្មោះ​ជា​ប្រជាជន រស់នៅ​ឃុំ​កំពង់​អុស​ទេ​។ ខ្ញុំបាទ​មាន​ភ័ស្តុតាង​ក្នុង​ដៃ​គ្រប់គ្រាន់​។ លើស​ពី​នេះ​ទៀត លោក​បាន​ប្រមាថ​ខ្ញុំបាទ និង ឧកញ៉ា ឌី​ប៉ូ ថា ពួក​អា​ជនពាល​ពីរ​នាក់​ហ្នឹង ហ្នឹង​ចាត់ការ​វា ពេល​បោះ​ឆ្នោត​ហើយ (​នេះ​ជា​រឿង​ពិត​)​។

ម្ចាស់​គណនី​ដដែល បាន​សរសេរ​បន្ត​ថា ខ្ញុំ​ដឹង​ពី​អាថ៌​កំបាំង​ច្រើន​ណាស់ អ្វី​ដែល​ខ្ញុំ​ហ៊ាន​និយាយ ខ្ញុំបាទ​នឹង​ហ៊ាន​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ពីព្រោះ​លោក ម៉ៅ ភិ​រុណ បាន​យក​ដី​ក្រុមហ៊ុន​ទៅ​លក់​យ៉ាង​ពិតប្រាកដ មិន​អាច​ប្រកែក​បាន ទេវតា​ដឹង​ឮ មេឃ​ដី​ដឹង​ឪ​។ នៅ​ថ្ងៃ​ទី​១៥ ឬ​១៦ សីហា ខាង​មុខ​នេះ ខ្ញុំបាទ​នឹង​ចេញ​ក្លី​ប​វី​ដេ​អូ ដើម្បី​បញ្ជាក់​ពី​ការ​ពិត ចំពោះ​បុគ្គល​លោក​អភិបាល​ខេត្តកណ្តាល ម៉ៅ ភិ​រុណ តែ​ម្នាក់​គត់ ​។ ទោះបី​យ៉ាងណាមជ្ឈដ្ឋាន​ជា​ច្រើន​រង់ចាំ​មើល​ថា ទីបំផុត​នៃ​សំណុំរឿង​ដ៏​ក្តៅ​គគុក​នេះ តើ​តុលាការ​នឹង​សម្រេច​យ៉ាងដូចម្ដេច ?