ទាល់តែសម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជា ទើបក្រសួងសាធារណ ការចុះចាប់រថយន្ដដឹកលើសទម្ងន់

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្មក់ចុះចាប់រថយន្ដចំនួន ១៤គ្រឿង ដែលបានដឹកលើសទម្ងន់កម្រិតបើកបរតាមផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័ យ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ដឹកនាំដោយលោក សេង ឈួន ប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។

ជាក់ស្តែង ក្នុងរបាយការណ៍ខែកក្កដា ឆ្នាំ២០១៨ ក្រសួងសាធារណការ និងដឹកជញ្ជួន ចាប់បានរថយន្តដឹកលើសទម្ងន់រហូតដល់ជាង ២១៧គ្រឿង ដែលចំនួននេះ មានការកើនឡើង ៥គ្រឿង បើធៀបជាមួយខែមិថុនា។ ក្នុងចំណោមរថយន្ត ដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៤០តោន។

មន្ត្រីដែលបានចូលរូមប្រតិបត្តិការចាប់រថយន្តដឹកលើសទម្ងន់នេះ បានបង្ហើបឲ្យដឹងថា ការចាប់រថយន្តដឹកលើសទម្ងន់មិនត្រឹមតែលំបាកក្នុងការអនុវត្តន៍ច្បាប់នៅពេលចាប់ប៉ះចាប់រថយន្តអ្នកមានលុយ និងមានឥទ្ធិពលនោះទេ តែឥរិយាបថរបស់អ្នករកស៊ីដឹកជញ្ជូន នៅតែបន្តគឃ្លើនមិនគោរពច្បាប់នោះឡើយ ពោលពួកគេនៅតែបន្តដឹកលើសទម្ងន់ដោយគ្មានអាសូរផ្លូវថ្នល់ដែលត្រូវរងការខូចខាតដោយសារទម្ងន់រថយន្តរបស់ពួកគេនោះឡើយ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានប្រកាសបើកដៃឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ចាត់វិធានការឲ្យបានតឹងរឹងបំផុត ដោយគ្មានការលើកលែងនោះឡើយចំពោះរថយន្តដឹកលើសទម្ងន់នេះ ទោះបីអ្នកប្រព្រឹត្តខុសនោះមានលុយ មានអំណាច ឬមានឥទ្ធិពលធំកម្រិតណាក៏ដោយ៕