ឈាមស្រែកស្បែកហៅ! ចាប់បានឃាត. ក៤នាក់ហើយ ពាក់ព័ន្ធឃាតកម្មដុតផ្ទះសម្លាប់មនុស្ស១គ្រួសារ

ខេត្តក្រចេះ ៖ យោងតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្រោយកើតមានអំពើឃាតកម្មដុតផ្ទះសម្លាប់មួយគ្រួសារ នៅស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១២ សីហា ២០១៨ ដោយមានកិច្ចសហការពីគណៈបញ្ជាការឯកភាពខេត្ត និង មានការសម្របសម្រួលពីលោក ធុច បញ្ចសន្តិភាព ព្រះអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ដែលបានសហការជាមួយកម្លាំងនគរបាលស្រុកចិត្របុរី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់ ពាក់ពន្ធ័លើករណីឃាតកម្ម កាលពីថ្ងៃទី០៩ សីហា នោះហើយ ។

ជនសង្ស័យ៤នាក់នេះ ១-ឈ្មោះ ចឹក ណូ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ២-ឈ្មោះ ម៉ៅ ញ៉ាញ់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាសន្តិសុខក្រុមហ៊ុនហនុមានមានរឹទ្ធ ។ ៣-ឈ្មោះ ចឹក ម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ និង ៤-ឈ្មោះ ចឹក លឹមស្រេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។

ជនសង្ស័យត្រូវបានសមត្តកិច្ច នាំទៅសាកសួរនៅស្នងការនគរបាលខេត្ត ដើម្បីបំពេញនីតិវិធី ពាក់ពន្ធ នឹង ករណីឃាតកម្មនោះ ។ ទោះជាយ៉ាងណាសមត្តកិច្ច នៅមិនទាន់បានបញ្ជាក់ពីចម្លើយ ជនសង្ស័យទាំង៤នាក់នោះនៅឡើយទេ ដូច្នោះពាក់ពន្ធករណីឃាតកម្មនោះ នៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដដែរ ព្រោះសមត្តកិច្ចកំពុងធ្វើកិច្ចនេះ ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១២យប់ នៅចំណុចកោះប្រឹម ភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ មានករណីឃាតកម្មដុតផ្ទះសម្លាប់មួយគ្រួសារ៤នាក់ឪពុម្តាយ និង កូន ។ ហើយសាកសពមនុស្សទាំង៤នាក់ បានត្រូវភ្លើងឆេះខ្លោចក្នុងគំនរផេះផង់មើលទៅគួឲ្យសោកសង្រេងជាទីបំផុត ៕