បុរសទំនង​ស្រវឹង​បើក​រថយន្ត​បុក​ម៉ូតូ​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ

​ភ្នំពេញ​៖​ ទំនង​ជា​ស្រវឹង​បុរស​ម្នាក់​បើក​រថយន្ត​មែសឺដេសផ្លាក​លេខ​នគរបាល​ បុក​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​ ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ។ ជនបង្ក​ ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាមៗ​ ដើម្បី​អនុវត្ត​ច្បាប់​ ។ ហេតុការណ៍​នេះ​ កើត​ឡើង​កាលពីវេលាម៉ោង២២៖៣០នាទី ថ្ងៃ​ទី១១​ ខែសីហា​ តាមបណ្តោយផ្លូវ៣៣៦កែងនឹង​ផ្លូវ២៥៥ សង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក ។ សពមានឈ្មោះគួច សុផានិត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរវិស្វករ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

អ្នក​ឃើញ​ហេតុការណ៍​អះអាងថា​ បុរសម្នាក់​ទំនង​ស្រវឹង​ជោកជាំ​ បើករថយន្ត​មែសឺដេស​ S-320ពណ៌ស្ករ​ ពាក់​ផ្លាក​លេខ​នគរបាល2-7730តាមបណ្តោយផ្លូវ៣៣៦ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុ​ បានរេចង្កូតមកខាងឆ្វងដៃជ្រុលបុកម៉ូតូ​Zoomer-X មួយគ្រឿងពណ៌​ខ្មៅលាយលឿងពាក់​ផ្លាក​លេខ ភ្នំពេញ1DF-2984ជិះដោយយុវជនម្នាក់​បញ្ច្រាសទិសដៅគ្នាពីកើតទៅលិចពេញទំហឹងបណ្តាលឱ្យ​ជនរងគ្រោះដួលបោកនឹង​ថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់​គ្លីនិក​ឯកជនដឹកយកទៅសង្គ្រោភ្លាមៗតែដោយជនរងគ្រោះរងរបួសធ្ងន់ពេកបានដាច់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវ​ ។ ចំណែកម្ចាស់រថយន្តបង្កត្រូវបាន​សមត្ថកិច្ច​មូលដ្ឋានឃាត់ខ្លួនបានភ្លាមៗនៅនឹងកន្លែងកើហេតុ។ អត្តសញ្ញា ណ​ជនបង្ក​សមត្ថកិច្ច​ពុំ​ទាន់​បង្ហើប​ឱ្យ​ដឹង​ទេ​ ដែល​បច្ចុប្បន្ន​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ កំពុង​បន្ត​នីតិវិធី​ ៕