បើកសុខៗ ស្រាប់តែក្រឡាប់ផ្ងារជើងម្ខាងតែសំណាងគ្មានអ្នករបួស

ភ្នំពេញ៖ រថយន្ដដឹកអេតចាយមួយគ្រឿងបើកក្នុងល្បឿនលឿនគេចពីរថយន្ដឆ្លងផ្លូវបណ្ដាលឲ្យរេចង្កូតក្រឡាប់ផ្ងារជើងម្ខាងតែគ្មានអ្នកណាម្នាក់រងរបួសម្នាក់ឡើយ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង ៣០នាទីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៦០ ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដដឹកអេតចាយមួយគ្រឿងបើកក្នុងល្បឿនលឿនពីទិសដៅកើតទៅលិច ស្រាប់តែមកដល់កន្លែងកើតហេតុក៏មានរថយន្ដមួយគ្រឿងមិនចាំម៉ាកបើកឆ្លងផ្លូវ ធ្វើឲ្យតៃកុងរថយន្ដបួងចង្កូតខ្លាំងពេកក្រឡាប់ផ្ងារជើងម្ខាងចាក់អេតចាយរាយពេញផ្លូវ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហើយបានរាយការណ៍ទៅជំនាញចរាចរណ៍ ប៉ុន្ដែករណីនេះមិនបានធ្វើឲ្យប៉ះពាល់សម្បត្ដិរដ្ឋ និងសម្បត្ដិសាធារណៈ ទើបសមត្ថកិច្ចឲ្យតំណាងរថយន្ដស្ទូចរថយន្ដទៅជួលជុលដោយខ្លួនឯង ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង ៕