ប្តីរវល់ពេក! ប្រពន្ធលួចបង្កាត់ភ្លើងស្នេហ៍ជាមួយពូសន្ដិសុខមុខគុជ ផ្អើលភូមិទាំងយប់

ភ្នំពេញ៖ បុរសម្នាក់ហេតុតែ មុខរបរ ការងារ ដើម្បីជីវិត គ្រួសារ ខិតខំតស៊ូ ក្នុងរបរជំនួញជួញដូរ ដោយដឹកឥវ៉ាន់ ពីប្រទេសថៃ មកកម្ពុជា ដោយរវល់តែឡើងចុះ ជាមួយមុខរបរ គួរឲ្យសោកស្តាយ គួរឲ្យអាណិត ស្រាប់តែនាងជាប្រពន្ធលួចបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសម្នាក់ផ្សេងទៀត យ៉ាងសោយសុខ ស្រណុកងាយធ្វើរំភើយ គ្រាប្តីមិននៅផ្ទះ អស់រយៈពេល៤ខែ ខាងប្តីតាមដាន រាល់សកម្មភាព ទង្វើរផិតក្បត់របស់ប្រពន្ធ ដឹងរឿងទាំងប្រពន្ធលួចរៀបការ សែនព្រេន ដោយស្ងាត់ៗ ជាមួយប្រុសស្នេហ៍ ដោយទ្រាំលែងបាននូវទង្វើរ បុកចាក់ដោតទម្លុះបេះដូងប្តី ទើបនៅវេលាម៉ោង ៧យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ប្តីតាមទាន់ ប្រុសស្នេហ៍កំពុងនៅក្នុងផ្ទះរបស់ខ្លួន លេខ៣៦សេ២០ ផ្លូវបេតុង ភូមិត្រពាំងក្រសាំង១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ស្រែកឆោឡោ ប្រកែកសម្តីមួយប្រ៉ាវ ផ្អើលអ្នកភូមិ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ហៅនាំភាគីទាំង៣ ទៅសាកសួរនៅប៉ុស្តិ៍ ។

ភាគីខាងប្រពន្ធមានឈ្មោះ ប្រាក់ ឆវី អាយុ៣៤ឆ្នាំ មុខរបរ លក់ដូរ កាត់ដេរ រស់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ចំណែកភាគីខាងប្តី មានឈ្មោះ សៀ គឹមលី អាយុ៣៧ឆ្នាំ មុខរបរ អ្នកជំនួញ ខ្មែរ-ថៃ រស់នៅផ្ទះកើតហេតុ តែក្នុងរយៈពេល៤ខែ ខណៈដែលមានបញ្ហាក្នុងគ្រូសារ ច្រើនតែស្នាក់នៅផ្ទះបង ផ្សេងទៀត ។ ដោយឡែក ភាគីខាងប្រុសស្នេហ៍ របស់ស្រ្តីខាងលើ ឈ្មោះ ឯក ណាង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ សន្តិសុខ មានស្រុកកំណើត ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាស្រុកកំណើតជាមួយស្រីស្នេហ៍ ។

តាមភាគីខាងប្តីបានឲ្យដឹងថា គាត់បានរៀបការនឹងគ្នាអស់រយៈពេល១០ឆ្នាំមកហើយ ដោយប្រកបមុខរបរ ជាអាជីវករ ទាំង២នាក់ ហើយមានកូនស្រីម្នាក់ អាយុ៧ឆ្នាំហើយ ជាចំណងស្នេហ៍ ។ បុរសខាងលើបន្តទៀតថា ការរស់នៅក្នុងសង្គមគ្រួសារ គ្រាដើម រាសីខ្ពស់ត្រដែត មុខរបរ រកសុីឡើងដូចកាំជណ្តើរ ដោយមហិច្ឆតា ក្រុងគ្រួសារ បង្កើតពង្រីកនូវមុខរបរ ប្តីបន្ថែមជំនួញជួញដូរ ដឹកឥវ៉ាន់ ពីប្រទេសថៃ មកកម្ពុជា អស់រយៈពេលជិត១ឆ្នាំ ។ ស្របពេលដែលប្តីមិននៅផ្ទះ ស្រាប់តែរយៈពេល៤ខែចុងក្រោយនេះ ពោលក្នុងអំឡុង ខែមិនា ឆ្នាំ២០១៨ កន្លងមកនេះ ស្រាប់តែភាគីខាងប្រពន្ធ បញ្ចេញនូវ អាកប្បកិរិយាប្លែកៗ ចេះតែដុក ដាន់ រករឿង ទើបក្នុងគ្រួសារ កើតជាវិវាទ ទំនាស់ បាត់អស់រលីងសេចក្តីសុខ សុភមង្គល គ្រួសាររលាយបាត់អស់ ។ ទង្វើរសកម្មភាពប្លែកៗស្តែងចេញឡើង របស់ភាគីប្រពន្ធ ធ្វើឲ្យភាគីខាងប្តី កាន់តែងឿងឆ្ងល់ ទីបំផុត ក្រោយពីតាមដានដឹង ថាប្រពន្ធខ្លួន លួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសផ្សេង ខណៈដែល ខ្លួននិងប្រពន្ធនៅមិនទាន់លែងលះដាច់ស្រឡះ ហានហៅនាំបុរសរូបនោះ ចូលមកស្នាក់អាស្រ័យដល់ក្នុងផ្ទះទៀត គ្រាដែលប្តីមិននៅ រហូតដល់វេលាម៉ោង៧យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នេះគ្រួសារខាងលើផ្ទុះជម្លោះ បន្ទាប់ពីប្តីតាមទាន់ ឃើញជាក់នឹងភ្នែក ប្រុសស្នេហ៍ចូលមកដល់ក្នុងផ្ទះ ស្រែកឆោឡោ ផ្អើលអ្នកជិតខាង ផ្អើលទាំងសមត្ថកិច្ចចុះទអន្តរាគមន៍ ។

តាមសម្តីភាគីខាងប្រពន្ធវិញ បានឲ្យដឹងយ៉ាងខ្លីថា មូលហេតុមកពីប្តីចុះចោលផ្ទះ៤ខែមកហើយ ទើបកើតរឿងនេះ ។ ជម្លោះប្តីប្រពន្ធចោទប្រកាន់គ្នាខាងល់ ត្រូវបានសមត្ថកិច្ចហៅនាំភាគីទាំង៣ ទៅសាកសួរនៅប៉ុស្តិ៍ត្រពាំងក្រសាំង ៕