លាតត្រដាងការពិតហើយ រឿងករណីចាប់ក្មេងទៅបង្ខាំងកាលពីប៉ុន្មានថ្ងៃមុន
|ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោសន្និសីទកាសែតបញ្ជាក់ប្រាប់មហាជនឲ្យដឹងច្បាស់ថាករណីចាប់ក្មេងទៅបង្ខាំងកាលពីប៉ុន្មានថ្ងៃមុនជាការបំប៉ោងសភាពការណ៍។ លោកអធិការបន្តថាតាមការពិតស្ត្រីខាងលើបានយកម៉ូតូទៅលក់ តែខ្លាចឪពុកខឹងក៏បំភ្លៃការពិត។
លោកអធិការបន្ថែមថា ឪពុកក្មេងស្រីរងគ្រោះបានមកប្តឹងសមត្ថកិច្ចថា កូនស្រីរបស់គាត់ឈ្មោះ ស៊ំ ដាវីន រៀនថ្នាក់ទី១២ បានចេញពីផ្ទះនៅវេលាម៉ោង៣និង៣០នាទីរសៀល ទៅរៀនគួរនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ដើម្បីរៀនបំប៉នត្រៀមប្រឡបបាក់ឌុបថ្នាក់ទី១២ ដោយចេញទៅបាត់រហូតដល់ថ្ងៃទី៤ ខែសីហា មិនឃើញត្រឡប់មកផ្ទះវិញនោះទេ សូមឲ្យសមត្ថកិច្ចទាំងអស់ជួយស្រាវជ្រាវរកកូនស្រីគាត់ផង។
លោកអធិការបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងនេះរួច សមត្ថកិច្ចបានសហការជាប់រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ឪពុកក្មេងស្រីខាងលើ បានទៅឃើញកូនរបស់គាត់នៅឯប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងកេងកង២ និងបានយកកូនមកដល់ផ្ទះដោយបានជឿពាក្យសម្តីកូន ថាមានករណីបង្ខាំងមនុស្សជាច្រើននៅក្នុងផ្ទះ ដូច្នេះហើយទើបឪពុកក្មេងស្រីខាងលើបានបំភ្លឺប្រាប់សារព័ត៌មានមួយចំនួនពីការចាប់បង្ខាំងមនុស្សនេះ។
ប៉ុន្តែក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានលម្អិតនេះរួចមក កម្លាំងនគរបាលខណ្ឌដង្កោ ដោយមានការចង្អុលបង្ហាញ បញ្ជារផ្ទាល់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ,លោកឧត្តមសេនីយ៍ស្នងការរងទទួលជំនាញ និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញប្រចាំខណ្ឌដង្កោ បានធ្វើការសម្របសម្រួលនិងធ្វើការស្រាវជ្រាវរហូតមកដល់ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់យ៉ាងច្បាស់ថា លទ្ធផល គឺកូនស្រីបានកុហកឪពុក។
ព្រោះកាលពីថ្ងៃទី៣ កូនស្រីបានយកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ចេញពីផ្ទះយកទៅលក់នៅហាងឡាក់គី ក្នុងខណ្ឌ៧មករា ដោយប្រាប់ម្ចាស់ហាងថា អត់មានលុយបង់សាលា ក្នុងតម្លៃ៦៥០ដុល្លារ ប៉ុន្តែដោយសារតែអត់អីជិះ ទើបមកទិញម៉ូតូម៉ាក ធូដេ ពណ៌ប្រផេះលាយខ្មៅ ក្នុងតម្លៃ៥០០ដុល្លារ ដូច្នេះលុយដែលនៅសល់គឺ១៥០ដុល្លារ ដោយបានជិះម៉ូតូនេះទៅបាត់។ លុះដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នាងបានយកម៉ូតូនេះមកវិញ ដោយពាក់ម៉ាស់មុខ មកអង្វរម្ចាស់ហាងថា ឪពុកគាត់ឈឺធ្ងន់ណាស់នៅពេទ្យកាល់ម៉ែត្រ សុំលក់ម៉ូតូនេះ ទើបម្ចាស់ហាងព្រមទិញវិញ ។ ដូច្នេះមិនមានករណីចាប់ជំរិតឬបង្ខាំងក្មេងស្រីនោះទេ។
ដោយឡែកបើតាមសម្តី របស់បុរសឈ្មោះ ស៊ំ វឌ្ឍនា ត្រូវជាឪពុកក្មេងស្រីឈ្មោះ ស៊ំ ដាវីន បានបកស្រាយក្នុងសន្និសីទកាសែតល្ងាចនេះថា ក្រោយពីគាត់បានស្តាប់សមត្ថកិច្ចបកស្រាយពីការស្រាវជ្រាវរួចមក គាត់បានដឹងថា គាត់ចាញ់បោកកូន ដោយសារជឿពាក្យសម្តីកូនគាត់ទាំងស្រុងថាមានការចាប់ជំរិតក្មេងស្រីជាច្រើននាក់បង្ខាំងទុកលក់ ដូច្នេះគាត់សូមអះអាងសារជាថ្មីថា មិនមានករណីចាប់ជំរិតក្មេងស្រីដាក់រថយន្តយកទៅលក់ នៅក្នុងប្រទេសកម្ពុជារបស់យើងនោះទេ។
គាត់បានបន្តថា នេះដោយសារតែគាត់ស្រឡាញ់ និងជឿកូនខ្លាំងពេក ទើបកូនបោកគាត់យកម៉ូតូទៅលក់ស៊ីចាយ ភូតកុហកគាត់បែបនេះ។ ក្នុងនោះដែរ ឪពុកក្មេងស្រីខាងលើ ក៏បានសុំទោសជាសាធារណៈដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសុំទោសដល់បងប្អូនប្រជាពលរដ្ឋតាមបណ្តាញសង្គមFacebook និងបណ្តាសារព័ត៌មាននានា ចំពោះរឿងរ៉ាវទាំងនេះ និងបានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋជាអាណាព្យាបាលទាំងអស់ថា កុំជឿពាក្យសម្តីកូនខ្លាំងពេក សូមគិតនិងពិចារណាឲ្យច្បាស់សិនចាំជឿ ចៀសវាងជួបរឿងរ៉ាវដូចជាគាត់ពេលនេះ៕