មន្ត្រី​ក្រសួង​អប់រំ​អះអាង​ជាថ្មី​ថា ​ពុំ​មានការ​សូកប៉ាន់​ដើម្បី​ប្រលង​ជាប់​នោះទេ

ភ្នំពេញ ៖ ​​នៅ​ថ្ងៃ​២០ ​និង​ថ្ងៃទី​២១ ​ខែសីហា​ខាងមុខនេះ​ ប្រធាន​នាយកដ្ឋាន​រៀបចំ​កិច្ច​ការប្រឡង ​នៃ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​ បាន​បញ្ជាក់ថា ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ​នៅតែ​ធ្វើឡើង​ដោយ​តម្លាភាព ​និង​រឹត​បន្តឹង​ដូច​ឆ្នាំមុន ​និង​គ្មាន​ការ​សូកប៉ាន់ ​ក្នុង​ទម្រង់​ណាមួយ​ដើម្បី​ជាប់​ក្នុង​ការ​ប្រលង​នេះ​ទេ​។

លោក អ៊ឹង ង៉ោ​ហុក ប្រធាន​នាយកដ្ឋាន​រៀបចំ​កិច្ច​ការប្រឡង ​នៃ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា ​បាន​ក្រើន​រម្លឹក​ដល់​សិស្ស​ថ្នាក់​ទី​១២​ជាថ្មី​ថា គ្មាន​ការ​សូកប៉ាន់​ណាមួយ​អាច​កើតមានឡើង​សម្រាប់​ការ​ប្រឡង​បាន​នោះទេ​។ លោក​បន្តថា ​គ្រប់​វិញ្ញាសារ ​ប្រលង​ឆ្នាំនេះ​ មិន​មាន​ការ​បន្ធូរបន្ថយ​នោះទេ​ គឺ​នៅតែ​រក្សា​ស្តង់ដារ​ដដែល ​និង​ប្រកាន់ខ្ជាប់​លើ​សមត្ថភាព​ គុណភាព ​ចេះ​គឺជាប់​។

ស្របគ្នា​នឹង​ការកែទម្រង់​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា សិស្ស​ថ្នាក់​ទី​១២​ជាច្រើន​បាន​សិក្សា​គួរ​បន្ថែម ក៏ដូចជា​ស្វ័យ​សិក្សា និង​សិក្សា​ជា​ក្រុម​ជាច្រើន​ម៉ោង​រៀងរាល់ថ្ងៃ​បាន​អះអាងថា មានតែ​សមត្ថភាព​ប៉ុណ្ណោះ ដែល​អាចធ្វើអោយ​ពួកគេ​ប្រឡង​ជាប់​។ ពួកគេ​បន្តថា ប្រឡង​ជាប់​ដោយ​សមត្ថភាព​ទើប​ជា​រឿង​មានន័យ ដែល​ជួយ​អោយ​ពួកគេ​លទ្ធភាព​សិក្សា​បន្ត​នៅ​សកល​វិទ្យាល័យ​ល្អ និង​បង្ហាញ​ច្បាស់​ពី​សមត្ថភាព​របស់ខ្លួន​។

ការ​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ​ឆ្នាំ ២០១៨​ ខាងមុខនេះ នឹង​ប្រព្រឹត្តិ​ទៅក្នុង​រយៈពេល​២​ថ្ងៃ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២០​ ដល់​ថ្ងៃទី​២១​ ខែសីហា​ខាងមុខ​។​ ការប្រលង​ឆ្នាំនេះ​មាន​មណ្ឌល​ប្រឡង​ចំនួន​១៩៦ និង​មាន​បេក្ខជន​ទាំងអស់​ចំនួន​១១៧,០៦១​នាក់​។​ ក្នុងនោះ​សិស្ស ​ដែល​ជ្រើសរើស​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​មាន​ចំនួន​៥២% ​និង​សិស្ស​ដែល​ជ្រើសរើស​មុខវិជ្ជា​សាស្ត្រ​សង្គម​មាន​៤៨ %៕