ស្ទះរាល់ថ្ងៃព្រោះ ក្រុមហ៊ុនជីកផ្លូវដើម្បីដាក់ប្រព័ន្ធលូបង្ហូរទឹក តែពេលដាក់លូរួចមិនព្រមជួសជុលផ្លូវ

ភ្នំពេញ ៖ ប្រព័ន្ធលូបង្ហូរទឹកធំមួយខ្សែ ដែលមានមុខកាត់១ម៉ែត្រលាតសន្ធឹងក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ២ ស្ថិតក្នុងភូមិឬស្សី និងភូមិឬស្សី៣ និងភូមិនានាផ្សេងទៀតក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ២ បានដាក់ប្រព័ន្ធលូរួចរាល់ជាង១ខែទៅហើយ ប៉ុន្តែអ្នកបច្ចេកទេសពុំព្រមជួសជុលផ្លូវដែលបានជីកកកាយសម្រាប់ដាក់លូអោយបានស្អាតល្អវិញដូចដើមវិញនោះទេ ដោយទុកអោយផ្លូវមួយចំហៀងត្រូវគ្រហោង និងផុង សល់តែមួយចំហៀងសម្រាប់ពលរដ្ឋធ្វើដំណើរទៅមក បង្កការរំខានដល់បងប្អូនអ្នកដំណើរនាំគ្នារអ៊ូរទាំអំពីការកកកុញស្ទះចរាចរណ៍ស្ទើរគ្រប់ម៉ោង ពិសេស គឺក្រុមពលរដ្ឋដែលមានរបររកស៊ីនៅប្របសងខាងផ្លូវ ។

ប្រជាពលរដ្ឋដែលរស់នៅប្របសងខាងផ្លូវ នៃតំបន់នេាះ ក៏ដូចជាអ្នកដំណើរទូទៅដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេាះ បានសម្តែងអារម្មណ៍មិនពេញចិត្ត និងរអ៊ូរទាំជាខ្លាំងចំពេាះ បញ្ហាដែលក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការស្ថាបនាផ្លូវ ពំុព្រមជួសជុលផ្លូវប៉េតុងដែលបានជីកកកាយសម្រាប់ដាក់ប្រព័ន្ធលូកាលពីពេលកន្លងទៅ អោយបានស្អាតល្អជូនពួកគាត់សម្រាប់ធ្វើដំណើរវិញសេាះ ដោយបណ្តែតបណ្តោយអោយផ្លូវត្រូវគ្រហោងចោលមួយជំហៀងផ្លូវ ជាហេតុធ្វើអោយបងប្អូនអ្នកដំណើរទូទៅត្រូវប្រជៀតគ្នាទៅជិះលើផ្លូវម្ខាងរួមគ្នា បង្កជាការកកស្ទះរ៉ាប់ម៉ោងរាល់ពេលជិះធ្វើឆ្លងកាត់ម្តងៗ ពិសេសរាល់ពេលមានរថយន្តច្រើនគ្រឿងធ្វើដំណើរឆ្លងកាត់ម្តងៗ គឺត្រូវកកស្ទះណែនណាំតាន់តាប់តែម្តង ហើយពំុដែលឃើញមានក្រុមអាជ្ញាធរ ឬមន្ត្រីជំនាញណាមួយចុះពិនិត្យមើល និងជួសជុលផ្លូវប៉េតុងមួយនេះអោយដូចដើមវិញសេាះ ។

ក្រុមពលរដ្ឋ ស្នើរដល់អាជ្ញាធរភូមិសង្កាត់ ពិសេសការិយាល័យជំនាញពាក់ព័ន្ធ រួមជាមួយក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការស្ថាបនាផ្លូវមួយខ្សែខាងលើ មេត្តាចុះមកពិនិត្យ និងធ្វើការជួសជុលអោយបានស្អាតល្អដូចដើមជូនពួកគាត់សម្រាប់ការធ្វើដំណើរឆ្លងកាត់ ដើម្បីទៅធ្វើការងារ ជូនកូនទៅសាលា ឬទៅបំពេញកិច្ចការងារផ្សេងៗផងដែរ ជៀសវៀងការបណ្តែតបណ្តោយអោយស្ថានភាពផ្លូវនៅទាំងបែបនេះ ហើយត្រូវប៉ះពាល់ និងរំខានដល់ការរស់នៅ ក៏ដូចជាការធ្វើដំណើររបស់ពលរដ្ឋទូទៅផងដែរ ។

គួរំលឹកថា កាលពីពេលកន្លងទៅ ក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងរៀបចំដាក់ប្រព័ន្ធលូបង្ហូរទឹក និងស្ថាបនាផ្លូវ មួយខ្សែខាងលើនេាះ ដែលពំុត្រូវបានអាជ្ញាធរមូលដ្ឋានប្រាប់ពីឈ្មេាះក្រុមហ៊ុន គឺធ្លាប់ទទួលការរិះគន់ធ្ងន់ អំពីការរៀបចំប្រព័ន្ធបង្ហូរទឹកខុសស្តង់ដារបច្ចេកទេស ដោយ ក្រុមអ្នកដាក់ប្រព័ន្ធលូបានកាយអាចម៍ដីចេញមកដាក់លើផ្លូវ ដើម្បីដាក់ប្រព័ន្ធលូ លុះពេលដាក់រួចក្រុមជំនាញពំុបានយកអាចម៍ដីថ្មី ឬក៏ដីខ្សាច់ដើម្បីមកចាក់បំពេញវិញឡើយ បែរជាយកដីចាស់ទៅចាក់លុបលើប្រព័ន្ធលូទៅវិញ ដែលជាហេតុរាល់ពេលមេឃភ្លៀងម្តងៗ គឺតែងជួបការបាក់ស្រុកដីទៅក្រោមរហូត ។ ប្រភពបន្តថា បន្ថែមពីនេះ ក្រុមអ្នកដាក់ប្រព័ន្ធលូ ក៏បានទារលុយពីពលរដ្ឋមួយចំនួនថ្លៃការចាក់បំពេញដីខ្សាច់នៅមុខផ្ទះនីមួយៗផងដែរ ដោយក្នុងតម្លៃចាប់ពី៣ម៉ឺនរៀល ដល់៥ម៉ឺនរៀលក្នុង១ឡាន ។

ប៉ុន្តែបាតុភាពខាងលើនេះ ត្រូវបាន លោកសាំ ពិសិដ្ឋ ដែលជាប្រធានមន្ទីរសាធារណះការ និងដឹកជញ្ចូនរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានអោយដឹងថា ៖ លោកបានចាត់មន្ត្រីជំនាញ ចុះពិនិត្យជាក់ស្តែងនូវតាំងដាក់លូនោះ ។លោក បានទទួល​ស្គាល់​​​ថា ការដាក់លូនោះមានចំណុចខ្វះខាតខ្លះ ដែលជាការធ្វេសប្រហែសរបស់ក្រុមកម្មករ ប៉ុន្តែទោះជា​យ៉ាង​ណា លោកបានណែនាំឲ្យក្រុមហ៊ុនទទួលម៉ៅការនោះ បានកែសម្រួលឡើងវិញ និងឲ្យបញ្ឈប់​ឲ្យកម្មករយកលុយពីប្រជាពលរដ្ឋជាបន្ទាន់ចាប់ពីពេលនេះតទៅ ៕