មេប៉ុស្ដិ៍ទឹកថ្លាមិនដឹកនាំកូនចៅល្បាតទេអី ? បានជាចោរហ៊ានឆក់ មន្ត្រី​ប៉ុស្តិ៍​នគរបាលមិត្តភាព​ម្នាក់​ជិះ​ម៉ូតូ​ឌុប​ប្រពន្ធ​កូន​មក​ពី​លេង​ផ្ទះ​បងប្អូន

​ភ្នំពេញ៖ មន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាពមួយរូបជិះឌុបប្រពន្ធកូនមកពីលេងផ្ទះបងប្អូនហើយក៏ត្រូវបានចោរមួយក្រុមធ្វើសកម្មឆក់កាបូបមិនបានសម្រេចបណ្តាលឲ្យដួលម៉ូតូរងរបួសបែកមុខបែកមាត់ ចំណែកឯក្រុមចោរបានជិះម៉ូតូរត់គេចខ្លួនបាត់សម្រោលដោយសុវត្ថិភាព។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ត្រង់ចំណុចខាងលើស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនរងគ្រោះជាប្តីមានឈ្មោះ សេង វណ្ណះ ភេទប្រុស អាយុ៤៥ឆ្នាំ មន្ត្រីនគរបាលប៉ុស្តិ៍មិត្តភាព ស្នាក់នៅសង្កាត់មិត្តភាព ខណ្ឌ៧មករា។

បើតាមសម្តីពីប្រពន្ធរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុពួកគាត់ទាំងពីរនាក់រួមទាំងកូនប្រុសអាយុ១០ឆ្នាំម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1B-2473។ ដែលទើបតែជិះចេញមកពីផ្ទះរបស់ប្អូននៅម្តុំវត្តតាំងក្រសាំង ហើយបំរុងជិះត្រឡប់ទៅផ្ទះវិញនៅម្តុំថ្មដា។ ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្សី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មកពីក្រោយ។ រួចក៏បានធ្វើសកម្មភាពឆក់កាបូបដែលជនរងគ្រោះដាក់នៅលើទូកម៉ូតូ តែមិនបានសម្រេចបណ្តាលឲ្យទាក់ចង្កូតម៉ូតូរបស់ជនរងគ្រោះរងរបួស បែកមុខបែកមាត់ រីឯប្រពន្ធនិងកូនជនរងគ្រោះរងរបួសស្រាល។ ភ្លាមៗនោះក្រុមជនសង្ស័យទាំងនោះបានបន្ថែមល្បឿនជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។ ហើយនៅក្នុងកាបូបដែលក្រុមជនសង្ស័យធ្វើសកម្មភាពឆក់មិនបានសម្រេចខាងលើនោះ គឺមិនមានរបស់មានតម្លៃអ្វីនោះទេ គឺមានតែសៀវភៅមេរៀនរបស់កូនប្រុសរបស់គាត់តែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅគ្លីនិកសម្ភពសែនជ័យ ដោយឡែងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្មាដើម្បីរងចាំសាច់ញាតិយកឯកសារពាក់ព័ន្ធនិងម៉ូតូមកយកម៉ូតូត្រឡប់ទៅវិញនៅពេលក្រោយ៕