ឆបោកម៉ូតូ១គ្រឿងពីបុរសម្នាក់ជាអ្នកស្គាល់គ្នា រួចគេចខ្លួនបាត់ម្ចាស់ដើរតាមស្វែងរកតែមិនជួបបោះមុខ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆបោកម៉ូតូ១គ្រឿងពីបុរសម្នាក់ជាអ្នកស្គាល់គ្នា រួចគេចខ្លួនបាត់ ម្ចាស់ដើរតាមស្វែងរកតែមិនជួប ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលីស អស់រយៈពេលជិត២ខែ ទៅហើយស្រាប់តែជាចៃដន្យ នៅវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ស្រាប់តែប្រទះឃើញជនសង្ស័យ ចតម៉ូតូមុខហាងកាហ្វេ ចូលអង្គុយផឹកដូចគ្នារឿងអ្វីកើតឡើង នៅម្ដុំរោងចក្រកាត់ដេរសាន់ស្កាយ ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបាន ប្តឹងប៉ូលីសចាប់ខ្លួននាំទៅប៉ុស្តិ៍ចាត់ការតាមផ្លូវច្បាប់ ។

ជនសង្ស័យឈ្មោះ ស៊ាន ភារម្យ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិដូនវាល ឃុំឃុំក្ដឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។ បានធ្វើសកម្មភាពឆបោកយកម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ ព្រៃវែង1H-4305 ជាកម្នសិទ្ធិរបស់ជនរងគ្រោះឈ្មោះប៉ុន រ៉ានី ភេទប្រុស អាយុ២៧ឆ្នាំ មុខរត់ម៉ូតូឌុបស្នាក់នៅជិតវត្តតាំងកសាង ភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ជនសង្ស័យបានធ្វើសកម្មភាពឆបោកយកម៉ូតូរបស់ខ្លួន ដោយប្រល្បិចថា ខ្ចីម៉ូតូជិះទៅឌុបប្រពន្ធមួយភ្លែត រួចក៏ជិះយកទៅបាត់រហូតតែម្ដង មិនឃើញវិលវិញ បិទប្រព័ន្ធទូរស័ព្ទ ជនរងគ្រោះស្វែងដើររកតែមិនឃើញ ទើបរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាប២ហើយដែរបន្តតាមដើររកតែនៅមិនឃើញ លុះរហូតមកដល់ព្រឹកថ្ងៃទី០៨ខែសីហានេះ ស្រាប់តែប្រទះឃើញជនសង្ស័យ នៅអង្គុយផឹកកាហ្វេ ក្បែររោងចក្រ សាន់ស្កាយ ដើរចូលទៅ ជនសង្ស័យក្រឡេកឃើញ ស្ទុះងើបរត់ ស្រែកឆោឡោ ចាប់ចោរ ពលរដ្ឋជួយដេញចាប់ បានវាយមួយដៃមួយជើង រួចប្រគល់ឲ្យប៉ូលីស ប៉ុស្តិ៍ចោមចៅ៣ នាំទៅសាកសួរ ទើបដឹងរឿងអង្គហេតុ ។

ជនសង្ស័យក្រោយ នគរបាលប៉ុស្តិ៍ចោមចៅ៣សាកសួរ រឿងរ៉ាវកើតឡើងនៅទឹកដី សង្កាត់កាកាប២ ទើបទំនាក់ទំនងទៅប៉ុស្តិ៍កាកាប២ មកនាំជនសង្ស័យទៅសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ៕