ក្មេងស្រីពីរនាក់បងប្អូនចិត្តខ្លាំងគ្រាន់តែម្តាយស្តីអោយបន្តិចបន្តួចហ៊ានជិះកង់ពីកំពង់ចាមមកដល់ភ្នំពេញ

ភ្នំពេញ ៖ ក្មេងស្រីពីរនាក់បងប្អូនគ្រាន់តែម្តាយវៃនិងស្តីបន្ទោសបន្តិចបន្តួចហ៊ាន ជិះកង់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មកដល់ភ្នំពេញទាំងមិនដឹងគោលដៅពិតប្រាកដ ទៅណាមកណានោះទេ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៩នឹង៣០នាទីយប់ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ទូលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញក្មេងស្រីទាំងពីរបានអោយដឹងថាមុនដំបូងគេឃើញក្មេងស្រីទាំងពីរ នាក់កំពុងជ្រកភ្លៀងនៅកន្លែងអង្គុយចាំរថយន្តក្រុងមួយកន្លែងនៅខាងមុខផ្ទះរបស់គាត់តាំងពីម៉ោងប្រហែល១ថ្ងៃត្រង់ លុះមកដល់វេលាម៉ោងប្រហែល៦ល្ងាចក៏សង្ស័យក៏បានទៅសួរនាំហើយហៅអោយញាំបាយរួចក៏បានទំនាក់ទំនងទៅខាងសមត្ថកិច្ចមូលដ្ឋានមកយកក្មេងស្រីទាំងពីរទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទូលសង្កែទី២ដើម្បីសួរនាំ។

ក្មេងស្រីបងឈ្មោះ សេង ចាន់ស្រីនីត អាយុ១៣ឆ្នាំ ក្មេងស្រីប្អូនឈ្មោះ សេង ចាន់មារតី អាយុ៩ឆ្នាំ ។ និងមានម្តាយឈ្មោះ ឈុន សុីនឿន អាយុ៤២ឆ្នាំ មុខរបរ អ្នកលក់ដូរនៅផ្សារ ។ ​ឪពុកឈ្មោះ កែវ សេង អាយុ៥៤ឆ្នាំ មុខរបរ មន្រ្តីរាជការ ទីលំនៅបច្ចុប្បន្ន អ្នកទាំងអស់គ្នារស់នៅក្នុងភូមិ ត្រពាំងពោធិ៍ ឃុំ មានជ័យ ស្រុក ស្រី សន្ធរ ខេត្ត កំពុងចាម។

មុនដំបូងក្មេងស្រីបងបានព្យាយាមលាក់បាំងសមត្ថកិច្ចដោយកុហក់ថាត្រូវឪពុកបង្កើតរបស់ខ្លួនយកមកផ្លុងចោលក្រោមការសួរនាំរបស់លោកមេប៉ុស្តិ៍ក្មេងស្រីបងបានប្រាប់ត្រង់តាមដំណើររឿងព្រោះតែខឹងនិងម្តាយវៃហើយស្តី បន្ទោសទើបបួលប្អូនស្រីជិះកង់ចេញពីផ្ទះនៅ ភូមិឃុំខាងលើ ខេត្តកំពង់ចាមរហូតមកដល់ភ្នំពេញ ។ ក្រោយសួរនាំរួចសមត្ថកិច្ចបានណែនាំហើយទំនាក់ទំនងទៅបងប្រុសដែលរស់នៅភ្នំពេញអោយមកយកទៅផ្ទះវិញ៕