មន្ដ្រីអនុវត្ដន៍ច្បាប់និយាយថា ព្រោះតែម្ចាស់អ្នកមានលុយ និងមានអំណាច ទើបពិបាកអនុវត្ដន៍ច្បាប់

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ក្រុមការងារត្រួតពិនិត្យយានយន្ត ដឹកលើសទម្ងន់កំណត់បានឆ្មក់ចុះទៅផ្លូវជាតិលេខ៤ ស្ទាក់ចាប់រថយន្តដឹកលើសទម្ងន់ចំនួន៧គ្រឿង ដែលកំពុងធ្វើចរាចរណ៍នៅលើផ្លូវជាតិលេខ៤។

រថយន្តទាំង៧គ្រឿងនេះ សមត្ថកិច្ចចាប់បាននៅតាមផ្លូវស្រុកស្ទឹងហាវ បន្ទាប់ពីពួកគេព្យាយាមបើកបររថយន្តគេចពីជញ្ជីងថ្លឹងអូរចំណា នៅលើផ្លូវជាតិលេខ៤ បន្ទាប់ពីថ្លឹងទៅរថយន្តខ្លះបានផ្ទុកលើសទម្ងន់ច្រើនតោន និងខ្លះទៀតលើសកម្រិតទាប ក្រោយពេលថ្លឹងរួចរាល់មន្រ្តីបានទម្លាក់ទំនិញចេញពីលើរថយន្ត និងបានពិន័យតាមចំនួនលើសទម្ងន់ជាក់ស្តែង ដោយផ្អែកតាមច្បាប់កំណត់ ទន្ទឹមនឹងក៏បានឲ្យម្ចាស់រថយន្តធ្វើកិច្ចសន្យាបញ្ឈប់ការដឹកលើសទម្ងន់ផងដែរ ហើយបើមានករណីដឹកលើសទម្ងន់នាពេលក្រោយទៀត នឹងចាប់រថយន្តទៅរក្សាទុកតែម្តង ។

នេះបើយោងតាមប្រភពពីមន្រ្តីបានទម្លាយថា រថយន្តដឹកលើសទម្ងន់ទាំងអស់នេះ ភាគច្រើនមានម្ចាស់ជាឧកញ៉ា ជាអ្នកមានធនធាន និងខ្នងមានអំណាចផងដែរ។ មន្ត្រីក៏បានរអ៊ូរទាំផងដែរពីការលំបាកក្នុងការអនុវត្តន៍ច្បាប់ចំពោះរថយន្តដឹកល្មើសច្បាប់ទាំងអស់នេះ ព្រោះតែម្ចាស់សុទ្ធតែជាអ្នកមានលុយ និងអំណាច ។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កាលពីខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ មន្ត្រីជំនាញបានឃាត់រថយន្តដឹកលើសទម្ងន់ប្រមាណ ២១២គ្រឿង និងពិន័យប្រាក់ជាង ៥០០លានរៀល។ រថយន្តដឹកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៤៦តោន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា លោកមិនចង់បានប្រាក់ពីការពិន័យរថយន្តនេះឡើយ ព្រោះថវិកាពិន័យនេះមិនអាចយកមកជួសជុលផ្លូវខូចខាតដោយសារការដឹកលើសទម្ងន់នេះឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានប្រកាសដាក់ចេញបទបញ្ជាឲ្យចាត់វិធានការតឹងរឹងបំផុតចំពោះរថយន្តដឹកលើសទម្ងន់ទាំង ដោយមិនលើកលែងនោះឡើយ ទោះអ្នកប្រព្រឹត្តនោះជាអ្នកមានលុយ មានអំណាច ពាក់ផ្កាយ ឬពាក់ដល់លោកខែក៏ដោយនោះ៕