ជិះម៉ូតូត្រឡប់ពីទិញ ស្រា និង សាច់ក្លែម ទៅបុកគោយន្តបណ្តាលឲ្យស្លាប់ភ្លាមៗ

ព្រះវិហារ៖ បុរសម្នាក់បន្ទាប់ពីផឹកស៊ីជាមួយមិត្តភក្តិអស់ស្រា និងសាច់ក្លែមហើយ នៅមិនអស់ចិត្តបានជិះម៉ូតូទៅទិញបន្ថែមទៀត ខណៈត្រឡប់មកវិញបើកបរក្នុងល្បឿនលឿន ក៏បានរេចង្កូតទៅបុកនឹងគោយន្តកន្ត្រៃពីក្រោយ ពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខមន្ទីរពេទ្យបង្អែកខេត្ត ក្នុងភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន លុះដល់កន្លែងកើតហេតុបានទៅបុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹង បណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសាររបួសធ្ងន់ធ្ងរបាក់ភ្លៅ បាក់ករ និងប៉ះទង្គិចគ្រឿងក្នុងខ្លាំង ចំណែកម៉ូតូបានគៀបជាប់នឹងគោយន្ត ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះឡាង វុត្ថា អាយុ៣១ឆ្នាំ មានទីលំនៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ បើកបរម៉ូតូម៉ាកសង់ ពណ៍ខ្មៅ ស្លាកលេខព្រះវិហារ1C-8013។ ចំណែកអ្នកបើកបរគោយន្តមានឈ្មោះ កង សារិ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ ក្រោយការវាស់វែងរួចសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកវត្ថុតាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់ ៕