សមត្ថកិច្ចខណ្ឌមានជ័យព្យាយាមលាក់បាំងព័ត៌មានជុំវិញករណីបុរសម្នាក់ស្លាប់ក្នុងទឹកស្រះចិញ្ចឹមត្រីសង្ស័យករណីឃាតកម្ម

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្មករចិញ្ចឹមត្រីប្រទះឃើញអណ្តែតទឹកស្លាប់ក្នុងស្រះចិញ្ចឹមត្រីមួយកន្លែងក្នុងដីឡូត៌​ ភូមិចំរើនផល​ សង្កាត់បឹងទំពន់​ទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ កាលពីព្រឹកម៉ោង៨នឹង៣០នាទី​ ថ្ងៃទី​ ០៥​ ខែ​សីហា​ ឆ្នាំ​ ២០១៨​ ដោយករណីនេះសមត្ថកិច្ចពាក់ព័ន្ធជាពិសេសសមត្ថកិច្ចខណ្ឌមានជ័យតែម្តងបានព្យាយាមលាក់បាំងព័ត៌មានដោយមិនអនុញ្ញាតអោយអ្នកសារព័ត៌មានចូលផ្តិតរូបភាពនឹងសួរនាំជុំវិញករណីនេះទេ។

បើតាមប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុបានអោយដឹងថាកាលពីប៉ុន្មានថ្ងៃមុនមាន​សមត្ថ​កិច្ចមួយក្រុមស្លៀកពាក់សីុវិលនឹងឯកសណ្ឋានសមត្ថកិច្ច​បានជិះម៉ូតូដេញតាមបុរសម្នាក់ពេលដេញមកដល់ចំណុចកើតហេតុនេះស្រាប់តែបាត់ស្រមោលបុរសសង្ស័យ​ ដូច្នេះសមត្ថកិច្ចបានដកកម្លាំងទៅវិញ​ រហូតមកដល់ព្រឹកថ្ងៃទី​ ០៥​ នេះក៏ស្រាប់តែកម្មករចិញ្ចឹមត្រីបានប្រទះឃើញបុរសម្នាក់អណ្តែតទឹកស្រះស្លាប់មានសភាពហើមស្អុយ​រលួយ។ ភ្លាមៗនោះមានសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលបឹងទំពន់ទី១នឹងសមត្ថកិច្ចជំនាញបានចុះមកដល់ទ​ីតាំងកើតហេតុ​ដើម្បីពិនិត្យទៅលើសាកសពរបស់បុរសខាងលើ។

ជាមួយគ្នានោះដែលក្រោយផ្ទុះព័ត៌មានជុំវិញករណីនេះគេសង្កេតឃើញអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះមកដល់ទីតាំងកើតហេតុដើម្បីផ្តិតរូបភាពនឹងសួរនាំព័ត៌មានស្រាប់តែក្រុមសមត្ថកិច្ចបានបញ្ជាអោយកម្មករបិទរបងដីឡូត៌ហាមមិនអោយអ្នកព័ត៌មានចូលថតទេ​ ដូច្នេះជុំវិញករណីនេះបើតាមការសន្និដ្ឋានរបស់ប្រជាពលរដ្ឋក្បែងខាង​ថាអាចជាករណីឃាតកម្មវៃទម្លាក់ទឹក​ រហូតហើមស្អុយរលួយទើបបែកការដល់សមត្ថកិច្ច​ ប៉ុន្តែយ៉ាងណានោះនៅមិនទាន់បានទទួលបានការបញ្ជាក់ពីសមត្ថកិច្ចជំនាញធ្វើ​កោសល្យវិច័្ច័យទៅលើសពបុរសខាងលើនេះ​នៅឡើយទេ​ ៕