បញ្ជូនខ្លួនមន្រ្តីយោធា ពាក់សក្តិ៤កន្លះ ដកកាំភ្លើងវាយជនរងគ្រោះបែកក្បាលដោយសាររឿងគ្រោះថ្នាក់ចររាចរណ៍ទៅតុលាការ

ភ្នំពេញ៖ សមត្ថកិច្ចព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នេះបានបញ្ជូនខ្លួនលោកនាយរងការិយាល័យហ្វឹកហ្វឺន នៃកងឯក ភាព ទីចាត់ការបំភ័ន្ត អក្ខ ដែលដកកាំភ្លើងវាយជនរងគ្រោះបែកក្បាលដោយសាររឿងគ្រោះថ្នាក់ចររាចរណ៍ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា ជនបង្កដែលដកកាំភ្លើងវាយជនរងគ្រោះបែកក្បាលឈ្មោះ នួន ប៉ូ អាយ៤៩ឆ្នាំ ជាមន្ត្រី យោធា ឋានន្តរសក្តិ វរសេនីយ៍ទោ ( សក្តិ ៤ កន្លះ ) អត្តលេខ ០៥៩០៥១ មុខងារ នាយរងការិយាល័យហ្វឹកហ្វឺន នៃ កងឯកភាព ទីចាត់ការបំភ័ន្ត អក្ខរៈ ប្រើប្រាស់ អាវុធ ខ្លី P08 លេខ ៥៨៥៤ ។ចំណែកជនរងគ្រោះឈ្មោះ យ៉ែម វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ប្រហិតតាមរទេះ ស្នាក់នៅ ផ្ទះជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិកំពង់លាវ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង ។ដោយឡែកជនបង្កគ្រោះថ្នាក់ចរាចរណ៍ មិនស្គាល់ឈ្មោះ បើកបររថយន្តកាមេីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AB- 4119 ។ រីឯជនបង្កដកកាំភ្លើងវាយលើជនរងគ្រោះ ជាមន្រ្តីយោធា មានឋានន្តរសក្តិ វរសេនីយ៍ទោ បើកបររថយន្តព្រុស ពណ៌ស ។

គួររំឡឹកថា កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ បុរសម្នាក់ទំនងពិសារគ្រឿងស្រវឹងបើករថយន្តកាមរីបាឡែន ទៅបុករទេះលក់ប្រហិត ហើយមិនឈប់ទទួលខុសត្រូវ សូម្បីតែនិយាយគ្នាមួយមាត់ក៏អស់ចិត្តដែរ បែជាបើករថយន្តរត់គេច តាំងពីមុខវត្តសំរោងអណ្តែត តាមផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ហើយរថយន្តបង្កបើករត់ចេញទៅដល់ កែងផ្លូវហាណូយ ជនរងគ្រោះដេញតាមទាន់ ស្រែកឲ្យគេជួយឃាត់បាន តែត្រូវបានភាគីខាងរថយន្តបង្ក ហៅបក្ខពួកជាមន្រ្តីយោធា ពាក់សក្តិ៤កន្លះ បើករថយន្តព្រុសមកដល់ កើតជាប្រទូស្តរ៉ាយគ្នា ឈានដល់មន្រ្តីយោធារូបនោះ យកកាំភ្លើងខ្លីមកវាយចំសៀតថ្កាជនរងគ្រោះ បណ្តាលឲ្យបែកហូរឈាម សមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់នាំខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុរថយន្តកាមរីបាឡែន ទំនងអ្នកបើកបរពិសារគ្រឿងស្រវឹង បើកពីលិចទៅកើត ដល់ចំណុចមុខវត្តសំរោងអណ្តែត ជ្រុលចង្កូតទៅបុករទេះប្រហិត ខ្លាតខ្លាញ់រលាក អ្នកលក់ និងអ្នកទិញម្នាក់ ហើយរថយន្តបង្កមិនបានឈប់ និយាយគ្នា ទទួលខុសត្រូវឡើយ បែរព្យាយាមបើករត់ ចេញទៅដល់ក្លោងទ្វារវត្ត សំរោងអណ្តែត កែងផ្លូវហាណូយ ទើបជនរងគ្រោះដេញតាមទាន់ ស្រែកឲ្យគេឯងជួយ កើតជាជម្លោះសម្តី ដោះស្រាយគ្នាមិនចេញផង បែបុរសខាងលើទូរស័ព្ទហៅ បក្ខពួកជាមន្រ្តីយោធាម្នាក់ ពាក់សក្តិ៤កន្លះ មកដល់ កើតជាប្រទូស្តរ៉ាយគ្នា ជាមួយប្រជាពលរដ្ឋ ជាមួយជនរងគ្រោះ ឈានដល់ មន្រ្តីយោធារូបនោះដកកាំភ្លើងខ្លីមកវាយលើជនរងគ្រោះ បណ្តាលឲ្យបែកសៀតថ្កាខាងឆ្វេងហូរឈាម ធ្វើឲ្យស្ថានភាព ហេតុការណ៍កាន់តែផ្អើលឡើង រហូតដល់កម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់ជនបង្កទាំង២នាក់នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌសែនសុខ ។

បើតាមមន្រ្តីយោធារូបនោះ អះអាងថា ពេលដែល ពលរដ្ឋប្រទូស្តរ៉ាយជាមួយគាត់ ពលរដ្ឋ ជនរងគ្រោះ វាយទាំងរថយន្តគាត់បណ្តាលឲ្យបែកកញ្ចក់ ទើបគាត់សម្រេចចិត្ត ទាញកាំភ្លើងមក កាន់ខាងចុងកាណុង វាយលើជនរងគ្រោះតែម្តង ៕