វត្តចំណាស់មួយនៅអរិយក្សត្រ ត្រូវបានអគ្គិភ័យឆាបឆេះទាំងកណ្ដាលយប់

ខេត្តកណ្ដាល​ ៖ វត្តចំណាស់មួយនៅអរិយក្សត្រ​ត្រូវបានអគ្គិភ័យឆាបឆេះទាំងកណ្ដាលយប់ ដែលបានឆាបឆេះព្រះសាឡុមមួយ និងឆេះរាលដាលយ៉ាងសន្ធោរសន្ធៅតែម្ដង​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាប់រយនាក់នាំគ្នាមកជួយពន្លត់​ ។ ហេតុការណ៍​អគ្គិភ័យ​នេះបានឆាបឆេះឡើងកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣​ ខែសីហា​ ឆ្នាំ២០១៨នេះ នៅក្នុងវត្តពេជ្រម្កុដ មានទីតាំងនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។

សូមបញ្ជាក់ថា​ វត្តពេជ្រម្កុជនេះ គឺជាវត្តមួយមាន​អាយុកាល​ចំណាស់ ដែលបានសាងសង់លើផ្ទៃដីទំហំធំ ជាច្រើនហិចតា។ វត្តនេះសម្បូរទៅដោយដើមឈើតូចធំ ព្រៃឈើត្រជាក់ត្រជុំ ដែលជាទីសមាធិ និងសិក្សាព្រះធម៌ របស់ព្រះសង្ឃផងដែរ ។ តែគួរអោយសោកស្ដាយ ត្រូវបានអគ្គិភ័យឆាបឆេះឡើងទាំងកណ្ដាលយប់ បណ្ដាលឲ្យ​ឆាបឆេះសាឡុមមួយ និងឆេះរាលដាលយ៉ាងសន្ធោរសន្ធៅតែម្ដង​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាប់រយនាក់នាំគ្នាមកជួយពន្លត់​នៅកន្លែងកើតហេតុផងដែរ ។ ក្រោយមកគេឃើញ មានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទៅដល់កន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍ដែរ​ តែដោយសារតែចម្ងាយផ្លូវឆ្ងាយនិងខ្យល់បោកបក់ខ្លាំង ទើបធ្វើអោយអណ្ដាតភ្លើងឆេះរាលដាលខ្ទេចអស់ ៕