ប៉ូលិសស័ក្ក៤កន្លះបាញ់សម្លាប់ខ្លួនឯងនៅក្នុងខារ៉ាអូខេ «កូឡូសូ» ក្នុងខណ្ឌចំការមន

ភ្នំពេញ៖ មន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃ បានយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ខារ៉ាអូខេ «កូឡូសូ»ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ។ សពជនរងគ្រោះឈ្មោះ ម៉ុន រតនៈឧត្តម អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាល ក្រសួងមហាផ្ទៃ ពាក់ស័ក្តិ៤កន្លះ ស្នាក់នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទីកន្លែងកំណើតនៅ ភូមិគោកស្វាយ ឃុំប្ញស្សីក្រោក ស្រុកអង្គរបុរី ខេត្តបន្ទាយមានជ័យ ។

នេះបើតាមសម្ដីបុគ្គលិកខារ៉ាអូខេបានបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០១៨ ជនរងគ្រោះបានចូលសម្រាកនៅសណ្ឋាគារជាន់ទី២ បន្ទប់លេខ២០៩មួយយប់ លុះដល់ម៉ោងប្រមាណ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី០១ ខែសីហាឆ្នាំ២០១៨ដោយមិនឃើញជនរងគ្រោះចេញមករកបាយទឹក បុគ្គលិកក៏បានឡើងទៅគោះទ្វារបន្ទប់យ៉ាងយូរ នៅតែមិនបើកទ្វារ ក៏សម្រេចចិត្តគាស់គន្លឹះទ្វារតែម្តង ភ្លាមៗនោះក៏ប្រទះឃើញជនរងគ្រោះបានដេកស្លាប់ នៅក្នុងបន្ទប់មិនដឹងស្លាប់តាំងពីពេលណានោះទេ រួចក៏ប្តឹងសមត្ថកិច្ច ដើម្បីចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុភ្លាមៗតែម្តង។

យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចមូលដ្ឋានដែលបានចុះពិនិត្យកន្លែងកើតហេតុជាជំហានដំបូង គឺជាករណីអត្តឃាតដោយប្រើកាំភ្លើងខ្លី K54បាញ់ចំសៀតផ្កាខាងស្តាំ ធ្លាយចេញមកក្រៅបណ្ដាលឲ្យស្លាប់នៅលើគ្រែ កម្លាំងសមត្ថកិច្ចជំនាញ បាននិងកំពុងចុះពិនិត្យសពជនរងគ្រោះ ។

ជុំវិញករណីបាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់ខារ៉ាអូខេ«កូឡូសូ»ខាងលើនេះនៅពេលអ្នកយកព័ត៌មានបានផ្ដិតយករូបភាព សណ្ឋាគារ និងខារ៉ាអូខេ ស្រាប់តែមានបុរស២នាក់ ជាសន្តិសុខចេញមកខាងក្រៅ មិនឲ្យអ្នកយកព័ត៌មានថតរូប នាំឲ្យខូចឈ្មោះហាងរបស់គាត់៕