កម្លាំងសន្តិសុខឃាត់ខ្លួន​យុវជន៤នាក់ យកគ្រាប់បែកចូលក្នុងការិយាល័យបោះឆ្នោត

ព្រះវិហារ៖ ​នៅម៉ោង៧យប់ ​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ មានយុវជន ៤នាក់បានយកគ្រាប់បែកដៃមួយគ្រាប់ចូលក្នុងការិយាល័យបោះឆ្នោតលេខ០៣១៧ ស្ថិតនៅក្នុងសាលារៀនចំរើនផល ភូមិ​ចំរើនផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ប៉ុន្តែ​ត្រូវបានកម្លាំងសន្តិសុខការពារនៅទីនោះ​ ធ្វើការឃាត់ខ្លួន​ រួចបញ្ជូនទៅកាន់នគរបាល​ប៉ុស្តិ៍​ធ្វើការសាកសួរ និង​កសាងសំណុំរឿង​ចាត់ការ​តាមនីតិវិធីច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនទាំង៤នោះ ទី១ ឈ្មោះ យូ វ៉ាន់លុច ភេទប្រុស អាយុ២២ឆ្នាំ ២ឈ្មោះ រួម ហុច ភេទប្រុស អាយុ២៤ឆ្នាំ ៣ ឈ្មោះ សំ វិតសុផា ភេទប្រុស អាយុ២៤ឆ្នាំ ៤ ឈ្មោះ ជន យ៉ារិត ភេទប្រុស អាយុ១៧ឆ្នាំ អ្នកទាំង៤មានទីលំនៅភូមិចំរើនផលជាមួយគ្នា ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ច បានដកហូតគ្រាប់បែកដៃក្រឡាទៀបផលិតនៅសហភាពសូវៀត១គ្រាប់ និងម៉ូតូ២គ្រឿង។ ជុំវិញករណីខាងលើនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីគោលបំណងនៃការនាំយកគ្រាប់បែកចូលក្នុងការិយាល័យបោះឆ្នោតរបស់យុវជនទាំង៤នោះនៅឡើយទេ ដោយ​រង់ចាំសាកសួរ និងស្រាវជ្រាវបន្តទៀត៕