រថយន្តបែនដឹកដីបើកបុកកិនម៉ូតូជាប់ពីក្រោមរថយន្ត របួសធ្ងន់ធ្ងរម្នាក់

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរសល់តែដង្ហើមចង្រឹត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តបែនដឹកដី បើកបុកកិនម៉ូតូជាប់ពីក្រោមរថយន្ត កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវលំកោះស្នេហ៍ ខាងត្បូងវត្តភ្នៀត ក្នុងភូមិស្នោកើត សង្កាត់ស្នោ ខណ្ឌពោធិសែនជ័យ ។ ជនរងគ្រោះ ឈ្មោះ ជឿន សុីណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ ត្នោតខ្ពស់ សង្កាត់ ពន្សាំង ខណ្ឌព្រែកព្នៅ ។ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CG-6147 ។ ចំណែករថយន្តបង្ក ម៉ាក ហុីណូ បែន កង់៦ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-8990 ដឹកដី អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានគេចខ្លួនបាត់ ។

តាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ក្នុងគោលបំណង់ទៅយកប្រពន្ធចេញពីធ្វើការរោងចក្រ ធ្វើដំណើរតាមផ្លូវលំខាងលើពីជើងទៅត្បូង លុះដល់ចំណុចខាងលើ ស្ថានភាពផ្លូវតូចចង្អៀត ត្រូវបានរថយន្តបង្កបើកល្បឿនលឿនផង បុកចំពីមុខ កិនអូសច្រើនម៉ែត្រ បណ្តាលឲ្យរងរបួស ។ ពលរដ្ឋរដ្ឋ អ្នកដកស្ទូងស្រូវ ក្បែរនោះបានឲ្យដឹងថា មុនកើតហេតុ ឃើញរថយន្តដឹកដីពេញ បើកតាមផ្លូវខាងលើពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ បុកម៉ូតូពេញទំហឹង កិនអូសច្រើនម៉ែត្រ ជាប់ម៉ូតូពីក្រោមរថយន្ត ខ្ទេចស្ទើទាំងស្រុង អ្នកបើកបរម៉ូតូរងរបួសធ្ងន់ បាក់ដៃ បាក់ជើង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិ ក្រុមគ្រួសារ ហៅរករថយន្តគ្លីនិករស្មី ដឹកបញ្ជូនទៅមន្ទីរពេទ្យកាលម៉ែត ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញចុះទៅពិនិត្យ រួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រងចាំដោះស្រាយពេលក្រោយ ៕