នៅប្រទេសឡាវមនុស្ស២០នាក់ស្លាប់ ក្រោយបាក់ទំនប់វារីអគ្គិសនី

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨ ក្រុមអ្នកជួយសង្រ្គោះកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកនៅរស់រាន្តមានជីវិត បន្ទាប់ពីទំនប់វារីអគ្គិសនីមួយកន្លែង នៅក្នុងប្រទេសឡាវ បានបាក់រលំកាលពីថ្ងៃចន្ទ ដោយបង្កជាគ្រោះទឹកជំនន់នៅតាមភូមិជាច្រើន និងផ្ដាច់យកជីវិតមនុស្ស២០នាក់ ។

ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរឡាវ មនុស្សជាង១០០នាក់ នៅតែបន្តបាត់ខ្លួននៅឡើយ ហើយរាប់ពាន់នាក់ទៀតបានបាត់បង់ ផ្ទះសម្បែងរបស់ពួកគេ។ អាជ្ញាធរឡាវ​ កាលពីថ្ងៃអង្គារនេះ បានឱ្យដឹងថាទំនប់វារីអគ្គិសនីមួយកន្លែងបានដួលរលំ នៅខេត្ត Attapeu (អាត់តាពើ) ភាគអាគ្នេយ៍​ប្រទេសឡាវជាប់ព្រំដែន​ខេត្តស្ទឹងត្រែង​ព្រមទាំងខេត្ត​រតនៈគិរី ភាគឦសាន​នៃប្រទេស​កម្ពុជា។ ទំនប់ខាងលើត្រូវ​បានគេរាយការណ៍ថា បានបញ្ចេញទឹក​យ៉ាងជន់ជោរ ទំហំ​​ប្រមាណ០៥ពាន់លានម៉ែត្រគូបនៅក្នុងសង្កាត់ សានសៃ (San Sai) នៃ​ខេត្តអាត់តាពើ។

គួរជម្រាបថា ទំនប់វារីអគ្គិសនីខាងលើ ត្រូវបានសាងសង់​ឡើង​​ដោយគម្រោង​រួមគ្នាមួយ ដឹកនាំដោយ​បណ្តាញ​ក្រុមហ៊ុន កូរ៉េខាងត្បូង សហការជាមួយ​​ថៃ និងឡាវ។ ទំនប់​នេះត្រូវបានគេគ្រោង​នឹងបើកសម្ពោធឲ្យ​ប្រើប្រាស់​ជាផ្លូវការនៅឆ្នាំនេះ ប៉ុន្តែវាមិន​ទាន់ច្បាស់​នៅ​ឡើយទេ​ថា តើ​វាបានចាប់ផ្តើមប្រតិបត្តិការ​ហើយ ឬនៅនោះឡើយ មុនហេតុការណ៍​ទំនប់នេះកើតឡើង ៕