ប៉ូលីសខណ្ឌឬស្សីកែវ ខំចាប់ចោរទាំងកណ្តាល យប់យកឲ្យលោកព្រះរាជអាជ្ញរង រៀល សុភិន លែងព្រោះខ្លាចអស់ចោរលួចពលរដ្ឋទៀត

ភ្នំពេញ៖ ជារឿងគួរឲ្យកោតសរសើរ បំផុតចំពោះការសម្រេចចិត្តរបស់លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានដោះលែងចោរលួចម្នាក់ ដែលត្រូវពលរដ្ឋ និងសមត្ថកិច្ចខណ្ឌឬស្សីកែវ ខំចាប់បានទាំងកណ្តាលអធ្រាត្រ បញ្ជូនឲ្យលោកសម្រេចតាមច្បាប់។ នេះជាការលើកឡើងរបស់នគរបាលមូលដ្ឋាន ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចលើកឡើងថា បើដឹងថា ពួកគាត់ និងពលរដ្ឋ ខំដេញចាប់ចោរទាំងយប់ យកមកឲ្យព្រះរាជអាជ្ញាដោះលែងវិញដដែល ពួកគាត់ និងពលរដ្ឋ ប្រហែលជាមិនខំចាប់ឲ្យចោរមើលងាយនោះទេ។

ប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យ ជាចោរលួច ដែលជាមុខសញ្ញាជូញដូរ និងប្រើប្រាស់គ្រឿងញៀន ផងនោះមានឈ្មោះថា ថន រិទ្ធី ភេទប្រុសអាយុ ២២ឆ្នាំ ជនជាតិខែ្មរ មុខរបរ កម្មករសិប្បកម្មផលិតទឹកសុទ្ធ ស្នាក់នៅភូមិទួលគោក សងា្កត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ។

គួរជម្រាបជូនថា សម្តេច តេជោ នាយករដ្ឋមន្ត្រី ធ្លាប់បានព្រមានធ្ងន់ៗ និងឲ្យមន្ត្រីតុលាការ ពិនិត្យ ពិចារណា ឲ្យបានម៉ត់ចត់ ចំពោះការដោះលែង ចោរ ឆក់ ចោរប្លន់ និងអ្នកជួញដូរគ្រឿង ពីព្រោះសម្តេច តេជោ ដឹងថា មានមុខសញ្ញា ចោរឆក់ ចោរប្លន់ និងអ្នកជួញដូរគ្រឿងញៀន មុខដដែលៗ ដែលជាប់គុកមិនបានយូរ ឬត្រូវបាន តុលាការដោះលែង យ៉ាងឆាប់រហ័ស ខុសប្លែកពី ជនសង្ស័យដទៃៗទៀត។

ជាការចូលរួមចំណែក កាត់បន្ថយបទល្មើសនានា ក្នុងមូលដ្ឋាន សំដៅផ្តល់សេចក្តីសុខ ដល់ពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេច តេជោ ជាប្រមុខ បានដាក់ចេញ នូវគោលនយោបាយ ភូមិ ឃុំ និងសង្កាត់ មានសុវត្ថិភាព បន្ថែមលើច្បាប់ដែលមានស្រាប់ ក្នុងន័យឲ្យអាជ្ញាធរ យកចិត្តទុកដាក់ កំចាត់ចោលនូវ ក្រុមទុច្ចរិតក្នុងសង្គម។

ប៉ុន្តែអ្វីដែល លោកព្រះរាជអាជ្ញារង រៀល សុភិន បានសម្រេចដោះលែងចោរ ខាងលើនេះ ជាហាក់ការដើរបញ្ច្រាសជាមួយគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ។

គួររំលឹកថា កម្លាំងនគរបាល ខណ្ឌឬស្សីកែវ បានឃាត់ខ្លួន ជនសង្ស័យ ជាចោរលួច ខាងលើ កាលពីវេលាម៉ោង ១ និង៣០នាទី ពាក់កណ្តាលអធ្រាត្រ ថ្ងៃទី១៩ ខៃកក្កដា ឆ្នាំ២០១៨ នៅចំណុច ផ្ទះ៣៤០ ក្រុម៥ ផ្លូវ៥១៨ ភូមិទួលគោក សងា្កត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ ខណៈដែលជនសង្ស័យ កំពុងតែ ប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិនៅក្នុងបន្ទប់ជួលរបស់ជនរងគ្រោះឈ្មោះ មុំរ៉ានី ភេទស្រី អាយុ ២៤ឆ្នាំ ហើយត្រូវជនរងគ្រោះ និងអ្នកជិតខាងស្រែកឆោរឡោ ដេញចាប់ ជាមួយនគរបាលល្បាតមូលដ្ឋាន៕