តារាចម្រៀងស្រវឹងស្រាបើកឡានបុកកង់ ៣បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ព្រះរាជអាជ្ញារង សេង ហៀង កំពុងសាកសួរ

ភ្នំពេញ៖ យោងតាមប្រភពពីមន្ត្រីនគរបាលចរារណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា តារាចម្រៀង ដែលបើករថយន្តព្រូស ក្រោមស្ថានភាពស្រវឹងជោកជាំ បុករះ រ៉ឺម៉កកង់បី បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ កាលពីយប់ថ្ងៃទី២១ ខែកក្កដា នៅខណ្ឌពោធិ៍សែនជ័យ កំពុងស្ថិតក្រោម ការសាកសួររបស់ លោកព្រះរាជអាជ្ញារង សេង ហៀង។

បើតាមសមត្ថកិច្ច ជនសង្ស័យ មានឈ្មោះ ប៊ី ចាន់រ៉ាឌី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរតារាចម្រៀង រស់នៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកបុរសរងគ្រោះមានឈ្មោះ ប៉េង ចាន់ណា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រត់រ៉ឺម៉កកង់បី រស់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួររំលឹកថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង រថយន្តរបស់ជនសង្ស័យ ម៉ាក ព្រូស ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 2T-6522 បុករ៉ឺម៉កកង់៣ របស់ជនរងគ្រោះពាក់ស្លាកលេខ ភ្នំពេញ 1AE-6582 កាលពីវេលាម៉ោង១១ និង៤០នាទី យប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ។

ហេតុការណ៍នេះបានបណ្តាលឲ្យ រ៉ឺម៉កកង់៣ ម៉ូតូ និងរថយន្ត ត្រូវរងការខូចខាត ចំណែកអ្នកបើកបរ រ៉ឺម៉កកង់៣ រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមច្បាប់៕