ប៉ូលីសចរាចរណ៍ខណ្ឌដូនពេញ២នាក់ជិះម៉ូតូមកបំពេញការងារ ត្រូវយុវជនម្នាក់ជិះម៉ូតូមកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់២នាក់ស្រាលម្នាក់

ភ្នំពេញ ៖ ប៉ូលីសជំនាញចរាចរណ៍ខណ្ឌដូនពេញ២នាក់ ជិះម៉ូតូមកវាស់វែងករណីចរាចរណ៍ផ្សេង តែមិនទាន់ដល់ទីតាំងផង ត្រូវយុវជនម្នាក់ជិះម៉ូតូយ៉ាងលឿនមកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យប៉ូលីសម្នាក់របួសធ្ងន់ និងប៉ូលីសម្នាក់ទៀតរបួសស្រាល ចំណែកយុវជនម្នាក់ដែលជិះមកបុកពីក្រោយក៏បានរងរបួសធ្ងន់ធ្ងរផងដែរ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្ដាលផ្លូវលេខR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ មានប៉ូលីសជំនាញចរាចរណ៍ខណ្ឌដូនពេញពីរនាក់ បានជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវលេចR6 ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនល្មម ខណះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានយុវជនម្នាក់ ជិះមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GO-4273 បានធ្វើដំណើរមកពីក្រោយស្របទិសគ្នាយ៉ាងលឿន ដោយមិនប្រយ័ត្ន ក៏បានបុកម៉ូតូប៉ូលីសពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូអូសជាច្រើនម៉ែត្រ និងធ្វើឲ្យប៉ូលីស២នាក់រងរបួសធ្ងន់ ស្រាល រួមទាំងយុវជនដែលជិះម៉ូតូមកបុកពីក្រោយ បានរងរបួសធ្ងន់ធ្ងរផងដែរ ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះដែលរងរបួសធ្ងន់ ទាំងប៉ូលីសចរាចរណ៍ និងយុវជនខាងលើ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យឯកជនភ្លាមៗ ។ ដោយឡែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរងចាំដោះស្រាយតាមក្រោយ ៕