ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ​ប្រគល់​ម៉ូតូ​ស្មាស់​រីវ៉ូ​សេរី​ឆ្នាំ​២០១៨​ចំនួន​១០២​ ជូន​ដល់​បណ្ដា​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល

បាត់ដំបង៖​ ម៉ូតូ​ស្មាស់​រីវ៉ូ​ Smasrevo សេរី​ឆ្នាំ​២០១៨​ ចំនួន​១០២គ្រឿង​ ត្រូវ​បាន​ឯកឧត្ដម​ ឧត្ដម​សេនីយ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការ​នៃ​ ស្នងការ​ដ្ឋាន​នគរបាល​ ខេត្ត​បាត់ដំបង​ ប្រគល់​ជូន​ លោក​អធិការ​ ចំនួន​១៤​ក្រុង​ /ស្រុក​ទូទាំង​ខេត្ត​ ។ នៅ​បរិវេណ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ មាន​កម្មវិធី​ ប្រគល់​ម៉ូតូ​ស្មាស់​រីវ៉ូ​សេរី​ឆ្នាំ​២០១៨​ចំនួន​១០២​ ជូន​ដល់​បណ្ដា​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ក្រោម​វត្តមាន​ឯកឧត្ដម​ ឧត្ដម​សេនីយ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​មាន​ការ​អញ្ជើញ​ចូល​រួម​ លោក​និង​លោក​ស្រី​ស្នងការ​រង​ និង​នាយ​ការិយាល័យ​ជំនាញ​ នា​ព្រឹក​ថ្ងៃ​ទី​២១ខែ​កក្កដា​ឆ្នាំ​២០១៨នេះ។

សូម​បញ្ជាក់​ថា​ ម៉ូតូ​ចំនួន​១០២គ្រឿង​ គឺ​ជា​ទឹកចិត្ត​ សម្តេច​ ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​និង​ អគ្គស្នងការ​នគរបាល​ជាតិ​ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ សន្តិបណ្ឌិត​ នេត្រ​ សាវឿន​។ ដើម្បី​អោយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ក្នុង​សហគមន៍​ ជួយ​សម្រួល​ដល់​ការ​ ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ ភូមិ​/ឃុំ​មាន​សុវត្ថិភាព​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ ជូន​ដល់​ បងប្អូន​ ប្រជាពលរដ្ឋ​ និង​ស្រប​តាម​គោល​នយោបាយ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

ជា​មួយ​គ្នា​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុច​ សុខុន​ ស្នងការ​ បាន​បញ្ជាក់​ដល់​មន្ត្រី​នគរបាល​ថ្នាក់​មូលដ្ឋាន​ (ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ )ថា​៖​ នេះជា​ការ​យក​ចិត្ត​ទុក​ដាក់​ របស់​ថ្នាក់​ដឹកនាំ​ តែងតែ​គិត​គូរ​ ដល់​ការ​លំបាក​ របស់​កងកម្លាំង​នគរបាល​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ពេល​ដែល​ចុះ​ បំពេញ​បេសកកម្ម​ តាម​បណ្ដា​ភូមិ​សាស្ត្រ​ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ អោយ​មាន​ភាព​ងាយ​ស្រួល​ និង​ដើរ​ទាន់​សភាព ការណ៍​ ក្នុងការ​បង្ការ​ទប់ស្កាត់​ រាល់​បទ​ល្មើស​ និង​ការ​ពារ​ សន្តិសុខ​សណ្តាប់​ធ្នាប់​សុវត្ថិភាព​ ជូន​ប្រជាពលរដ្ឋ​។ ឯកឧត្ដម​ បាន​ណែនាំ​ផងដែរ​ ដល់​បណ្ដា​ កងកម្លាំង​នគរបាល​ ទាំង​១០២ប៉ុស្តិ៍​ ទូទាំង​ខេត្ត​ មេត្តា​ថែទាំ​ ប្រើប្រាស់​ម៉ូតូ​អោយ​ត្រូវ​និង​ជំនាញ​ មិន​ត្រូវ​អោយ​ប្រពន្ធ​កូន​ជិះ​ ឬ​ប្រើ​ប្រាស់​ជា​ផលប្រយោជន៍ផ្ទាល់ខ្លួន​នោះឡើយ​៕