កាប់​ប្រពន្ធព្រោះភ្លើងប្រច័ណ្ឌ ​ត្រូវ​កម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅខេត្ដបាត់ដំបង

ភ្នំពេញ៖ បុសម្នាក់ដែលកាប់ជាច្រើនកាំបិតផ្គាក់ ព្រោះ​ភ្លើងប្រច័ណ្ឌ បណ្ដាលឲ្យប្រពន្ធរងរបួសធ្ងន់ស្ទើរស្លាប់ រួចបានរត់គេចខ្លួនបាត់ស្រមោលនោះ ត្រូវ​កម្លាំងនគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបានហើយ នៅវេលាម៉ោង១១៖២០នាទីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ នៅកន្លែងដែលជននេះលាក់ខ្លួន ស្ថិត​ក្នុងភូមិបួនជួរ ឃុំឃុំបឹងប្រិយ៍ ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រតិបត្តិការតាមប្រមាញ់ជនដៃដល់រូបនេះ ​ធ្វើឡើងក្រោមបញ្ជារបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំង​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ បាន​ឲ្យដឹងថា ជនសង្ស័យខាងលើនោះ ឈ្មោះ ហ៊ន រិទ្ធី អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅក្នុងភូមិព្រៃបឹង ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បាន​កាប់របស់ខ្លួនប្រពន្ធឈ្មោះ ត្រេ​ន ពៅ អាយុ៣៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់បន្ទប់ជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមលោកអធិការ ហេតុការណ៍នេះបានកើតឡើង នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ផ្ទះជួល នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ដោយបុរសជាប្ដីបានប្រច័ណ្ឌប្រពន្ធរបស់ខ្លួន ជាមួយប្រុសផ្សេង ហើយបានតាមរករឿងនាងជាប្រពន្ធ ជាបន្តបន្ទាប់។ ដោយនៅមុនពេលកើតហេតុ ​ល្ងាចថ្ងៃទី០៧ ខែកក្កដា បុរសជាប្ដីបានចោទថា នាងក្បត់ចិត្តទៅមានប្រុសថ្មី ហើយពេលនោះនាងបានបដិសេធ​ថា អត់មានទេ ស្រាប់តែប្ដីបានយកដែកឆាប​ចុងស្រួច គម្រាមចាក់សម្លាប់នាង ប៉ុន្តែមិនហ៊ានរួចក៏បានស្ងប់ស្ងាត់ទៅវិញ។

លោក យឹម សារ៉ាន់​ បានបន្តទៀតថា លុះដល់ថ្ងៃកើតហេតុ ប្ដីបានរករឿង​ដោយចោទនាងថា មានប្រុសថ្មីបន្តទៀត ចំណែក​នាងដែលមិនបានក្បត់ចិត្តប្ដីផង ត្រូវទទួលរងការចោទប្រកាន់ទាំងអយុត្តិធម៌បែបនេះ ក៏បានប្រកែកថា អត់ដដែល។ ខណៈនោះប្ដីនៅតែមិនជឿ ហើយក៏បានរួចក៏បានទាញកាំបិតផ្គាក់ កាប់រូបនាងជាច្រើនកាំបិតប៉ងសម្លាប់រួច​​គេចខ្លួនបាត់តែម្ដង។