ស្ថានភាពទឹកជំនន់នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង បានស្រកផុតស្ពានទាំងស្រុងហើយ ប៉ុន្តែការធ្វើការចរាចនៅតែផ្អាកបណ្តោះអាសន្នដដែល

ព្រះសីហនុ៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះថា គិតមកដល់ព្រឹកព្រលឹមថ្ងៃនេះ ទឹកជំនន់ដែលហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង (គម១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់ទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកផុតស្ពានទាំងស្រុងហើយ។

លោកឧត្តមសនីយ៍ទោបញ្ជាក់ថា ដោយឡែកផ្នែកនៅខាងកើតស្ពាន ទឹកមិនទាន់ស្រកផុតផ្លូវជាតិនៅឡើយទេ ដោយនៅបន្តហូរកាត់ផ្លូវប្រវែងប្រមាណ ១០០ម៉ែត្រ ក្នុងកម្ពស់ ០,៣ម៉ែត្រ ទៅ០.២ម៉េត្រទៀត។

ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ផងដែរថា នៅតំបន់នោះភ្លៀងនៅបន្តធ្លាក់ ប៉ុន្តែក្នុងកម្រិតខ្សោយ ដូចនេះទឹកអាចនឹងបន្តស្រកចុះមួយកម្រិតបន្ថែមទៀត។ ការធ្វើចរាចរឆ្លងកាត់ គឺនៅតែបន្តផ្អាកជាបណ្តោះអាសន្នដដែល។

ទាំងសមត្ថកិច្ច និងអាជ្ញាធរ បានជូនដំណឹង និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចង់ធ្វើដំណើរទៅខេត្តព្រះសីហនុ សូមវាងតាមផ្លូវជាតិលេខ៤១ និងឆ្ពោះទៅផ្លូវជាតិលេខ៣ ដោយសារតែកំណាត់ផ្លូវជាតិលេខ៤ នៅបន្តបិទចរាចរណ៍ជាបណ្តោះអាសន្ននៅឡើយ ដោយសារតែទឹកនៅបន្តជន់លិច ៕