សង្ស័យ​រឿង​គំនុំ​ បណ្តើរ​ម៉ូតូ​ពេល​អស់​សាំង​ ត្រូវ​ឃាតក​កាប់​ចំ​កញ្ចឹង​ក​ស្លាប់​ភ្លាមៗ

ភ្នំពេញ៖ បុរសម្នាក់កំពុងបណ្តើរម៉ូតូមួយគ្រឿងតាមផ្លូវក៏ត្រូវជនសង្ស័យមួយក្រុមប្រដាប់ដោយដាវ បានរត់មកកាប់ទៅលើជនរងគ្រោះចំកណ្តាលកញ្ជឹងករ បណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវភូមិព្រែកថ្មី ស្ថិតនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ប៉ូ វុទ្ធី អាយុ២៦ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅ ភូមិក្បាល់កោះ ឃ៉ំកណ្ដាលកោះ ស្រុកស្អាង កណ្តាល។

តាមប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូមួយគ្រឿងម៉ាកអិមអេសអិច ពណ៌ទឹកក្រូចលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GJ-8218 បើកតាមបណ្តោយផ្លូវភូមិព្រែកថ្មី ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូអស់សាំង ហើយជនរងគ្រោះក៏បណ្តើរម៉ូតូ ភ្លាមនោះស្រាប់តែលេចមុខក្រុមជនសង្ស័យប្រដាប់ដោយដាវបានស្ទុះមកកាប់ជនរងគ្រោះមួយដាវចំកញ្ជឹងករ ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ។ សមត្ថកិច្ចមិនទាន់បញ្ជក់នៅឡើយទេថាករណីនេះគឺជាករណីគំនុំរឺក៏ជាករណីកាប់ប្លន់ម៉ូតូ តែម៉ូតូអស់សាំងយកទៅមិនកើត។

បន្ទាប់ពីកើតហេតុរថយន្តសាមុយបានដឹកសពជនរងគ្រោះមកដល់កន្លែងកើតហេតុវិញធ្វើកោសល្យវិច្ឆ័យ ហើយដើម្បីឲ្យសមត្ថកិច្ចកំណត់អត្តសញ្ញាណក្រុមជនដៃដល់ទាំងអស់ ដើម្បីចាប់ខ្លួនយកមកដាក់ទោសទៅតាមនិតិវិធី៕