ប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលបង្កការភ្ញាក់ផ្អើ លទាំងព្រលឹម

ភ្នំពេញ៖ ប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី ១៦ ខែមករាឆ្នាំ២០១៨ នៅចំណុចភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សាកសពជនរងគ្រោះមានឈ្មោះ អ៊ុក យ៉ា ប្រុសអាយុ២៨ ឆ្នាំមាននៅមុខក៏ជាកម្មកររោងចក្របាននៅស្រុកកំណើតនៅភូមិវត្ដតាទឹក ឃុំត្រងិល ស្រុកកំពង់ត្របែកខេត្តព្រៃវែង ។

យោងតាមប្រភពព័ត៌មានពីស្ត្រីឈ្មោះលាង បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៦ព្រឹក គាត់បានតេទូរសព្ទទៅដាស់ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះមិនបានលើកទូរស័ព្ទរបស់គាត់ឡើយ ហើយ គាត់បានឡើងទៅដាស់ដល់មុខ បន្ទប់ ប៉ុន្តែជនរងគ្រោះមិនក្រោកទេ ដោយបានឃើញជនរងគ្រោះដេកធម្មតា ភ្លាមៗនោះគាត់បានជិះម៉ូតូឌុបទៅធ្វើការបាត់ទៅ ។ លុះដល់ម៉ោងកើតហេតុក៏មានអ្នកជិតបន្ទប់ដាស់ម្ដងទៀត ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅ ហើយ ។

ក្រោយពីដឹងថា ជនរងគ្រោះស្លាប់ប្រជា ពលរដ្ឋបាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ហើយសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ រួចក៏ទាក់ទងទៅសមត្ថកិច្ចកោសល្យវិច្ឆ័យ ដើម្បីចុះមកធ្វើកោសល្យវិច្ឆ័យលើសាកសពរបស់ជនរងគ្រោះ ហើយសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕