ក្មេងប្រុសស្រី៣នាក់ចុះលេងទឹកទន្លេលង់ស្លាប់ក្មេងស្រីម្នាក់ក្មេងប្រុស២នាក់ជួយសង្គ្រោះទាន់

ភ្នំពេញ៖ ក្មេងស្រីប្រុស៣ នាក់បាននាំគ្នាចុះមកលេងទឹកទន្លេបណ្ដាលអោយក្មេងស្រីម្នាក់លង់ទឹកស្លាប់ ហើយក្មេងប្រុស២នាក់ត្រូវបានគេជួយសង្គ្រោះទាន់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១រសៀលថ្ងៃទី ១៥ ខែកក្កដាឆ្នាំ២០១៨ ដែលទីតាំងកើតហេតុនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។ សាកសពក្មេងស្រីរងគ្រោះមានឈ្មោះលក្ខណា អាយុ១១ឆ្នាំ មុខរបរ សិស្ស ដែលមានទីលំនៅស្នាក់នៅផ្ទះជួលជាមួយម្ដាយម្តុំផ្សារចាស់ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានស្រុកកំណើតនៅស្រុកពារាំង ខេត្តព្រៃវែង ។

បើតាមសម្ដីរបស់ម្ដាយក្មេងស្រីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុកូនស្រីរបស់គាត់បានសុំគាត់មកហូបមីនៅម៉ាត ប៉ុន្តែមិនដឹងជាយ៉ាងម៉េចបានជាកូនស្រីរបស់គាត់បាននាំគ្នាទៅលេងទឹកមាត់ទន្លេបែបនេះ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុគេបានឃើញក្មេងប្រុសស្រី ៣នាក់បាននាំគ្នាមកលេងទឹកទន្លេ ស្រាប់តែមួយសន្ទុះក្រោយមកក៏បានឃើញក្មេងប្រុសនិងក្មេងស្រីទាំង៣នាក់លង់ទឹក ហើយត្រូវបានទូកនេសាទនៅក្នុងទន្លេជួយស្រង់ប្រុស២ នាក់ឡើងគោក ចំណែកក្មេងស្រីម្នាក់ទៀតបានលិចទៅក្នុងទឹកទន្លេបាត់ ភ្លាមនោះបានជាពលរដ្ឋបាននាំគ្នារាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុហើយក៏បានជួលទូកទូកនេសាទ ឲ្យចុះជួយរាវរកសាកសពក្មេងស្រី ។ ក្រុមអ្នករាវរកសាកសពក្មេងស្រីដែលលិចបាត់នៅក្នុងទន្លេរយៈពេលចំនួនជាង២ ម៉ោង ទើបរកឃើញសាកសពក្មេងស្រីហើយក៏បាននាំគ្នាស្រង់ឡើងមកលើគោក ។

ក្រោយពេលរកឃើញសាកសពក្មេងស្រីខាងកុសលវិច័យក្រុងបានចុះមកដល់ទីតាំងកើតហេតុហើយបានធ្វើកោសល្យវិច័យនិងធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ៕