រថយន្តដឹកខ្សាច់បើកបុកម៉ូតូកំពុងបត់ឆ្លងផ្លូវ ស្លាប់ម្នាក់របួស២នាក់នៅស្រុកស្អាង

ខេត្ដកណ្ដាល៖ យ៉ាងហោចណាស់ក្មេងស្រីម្នាក់ស្លាប់ភ្លាមៗ នៅកន្លែង ចំណែកបងៗ២នាក់ទៀត ប្រុសរបួសស្រាល ស្រីរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បន្ទាប់ពីម៉ូតូជិះឌុបគ្នា៣នាក់ បើកឆ្លងផ្លូវ មិនបានមើលក្រោយ តនរូវបានរថយន្តបែនដឹកខ្សាច់មួយគ្រឿងគេចមិនទាន់ ជ្រុលទៅបុក ខ្ទេចក្មេងស្រីម្នាក់ចូលកង់រថយន្ត កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ តាមផ្លូវលេខ២១​ ស្ថិតនៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង​ ខេត្តកណ្តាល ។

តាមនគរបាលបានឲ្យដឹងថា ភាគីម៉ូតូ ម៉ាក ហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FL-2772 បើកបរដោយឈ្មោះ ​ភោគ សំអុល ភេទប្រុស អាយុ​៤១ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិត្រពាំងស្ដុកគ្រួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រួមដំណើរជាមួយឈ្មោះ ភួង សុគុន្ធ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរៈកម្មកានី ត្រូវជាគូដណ្ដឹង រងរបួសធ្ងន់ និងប្អូនថ្លៃស្រី ឈ្មោះភួង ស្រីពៅ អាយុ១១ឆ្នាំ មុខរបរៈសិស្ស មានទីនៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានស្លាប់ភ្លាមៗនៅកន្លែងកើតហតុ ។ ចំណែកភាគីខាងរថយន្ត ម៉ាកហុីយ៉ាន់ដាយ កង់១០ ពណ៌ស គ្មានស្លាកលេខ ដឹកខ្សាច់ បើកបរឈ្មោះ ឃុន វិបាន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិត្រាំត្រសរ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ រួមដំណើរជាមួយឈ្មោះសន ស៊ុយ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិត្រពាំងអំពិល ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

នគរបាលបានបន្តទៀតថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុបគ្នា៣នាក់ គូរដណ្តឹង រួមជាមួយប្អូនថ្លៃស្រីម្នាក់ និងមានដឹកចេក ឥវ៉ានផងដែរ ធ្វើដំណើរតាមផ្លូវ២១ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ បានបត់ឆ្វេង ទាំងមិនបានមើលក្រោយ ធ្វើឲ្យរថយន្តបែនខាងលើ បើកស្របទិស ម្យ៉ាងល្បឿលឿនផង គេចមិនទាន់ ជ្រុលទៅបុកពេញទំហឹង បណ្តាលឲ្យក្មេងស្រីរងគ្រោះខ្ទាតចូលកង់រថយន្តកិនស្លាប់ភ្លាមៗនៅកន្លែង បុរសម្នាក់រងរបួសស្រាល និងស្រ្តីជាគូរដណ្តឹងរងរបួសធ្ងន់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យនាទីក្រុងភ្នំពេញ រីឯសាកសពក្មេងស្រី សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែករថយន្តបង្ក និងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញអធិការអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕