ក្រោយសាកសួរ លោកចៅក្រម ហម ម៉េងសែ សម្រេចឲ្យក្រុមអ្នកស្នេហាល្បែង អាប៉ោង ២នាក់ទៅផ្ទះវិញ

ភ្នំពេញ៖ ក្រោយសាកសួរ នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យបុរស ២នាក់ដែល នគរបាលខណ្ឌឬស្សីកែវចាប់ខ្លួនពាក់ព័ន្ធ ករណី លែងល្បែងអាប៉ោង ឲ្យត្រលប់ទៅផ្ទះវិញ នេះបើតាមការឲ្យដឹងពីសមត្ថកិច្ចខណ្ឌឬស្សីកែវ។

ប្រភពឲ្យដឹងថា លោកចៅក្រម ហម ម៉េងសែ បានសម្រេចដាក់ជនត្រូវចោទទាំង ២នាក់ ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយសារតែ បទល្មើសនេះជាបទល្មើស តូចតាច និងដើម្បីផ្តល់ឱកាសឲ្យជនត្រូវចោទ បានកែប្រែខ្លួនឡើងវិញ។

លោកព្រះរាជអាជ្ញារង សេង ហៀង បានឲ្យដឹងតាម Telegram ថា លោកបានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើ ឈ្មោះ ចាន់ តុង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចុងខ្សាច់ សង្កាត់ទទួលសង្កែ១ មុខរបរធ្វើសំណង់ និងឈ្មោះ សុខ ប្រុស ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចុងខ្សាច់ សង្កាត់ទទួលសង្កែ១ មុខរបរកម្មករសំណង់ ពីបទ លែងល្បែងស៊ីសងខុសច្បាប់ យោងតាមមាត្រា ៤នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង។

គួររំលឹកថា ដើម្បីអនុត្កគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព កម្លាំងនគរបាលខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ បានចុះបង្ក្រាបទីតាំង លេងល្បែងស៊ីសងខុសច្បាប់ (បាញ់អាប៉ោង) មួយកន្លែងនៅចំណុចផ្លូវរថភ្លើង ក្រុម០៦ ភូមិចុងខ្សាច់ សង្កាត់ទទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចឃាត់ខ្លួនបានត្រឹមតែ អ្នកលែងល្បែង ២នាក់ខាងលើ ដោយឡែកថៅកែ វង់ល្បែងអាប៉ោងនេះ បានរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ហាក់ដូចជាបានដឹងខ្លួនមុនព្រោះមានអ្នកប្រាប់អីចឹង។

ក្រោយបង្ក្រាបរួច សមត្ថកិច្ច ដកហូតបានវត្ថុតាងរួមមាន៖
-ចានសំរាប់បាញ់អាប៉ោង ចំនួន ០១
-ផ្តិលដែកសម្រាប់ក្របមេអាប៉ោង ចំនួន ០១
-និងលុយខែ្មរ ចំនួន ៦ម៉ឺនរៀល។

គេបានសង្កេតឃើញថា សមត្ថកិច្ចខណ្ឌឬស្សីបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងស៊ីសង ជាច្រើនលើកច្រើនសារ ប៉ុន្តែក្រុមជនសង្ស័យ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋមួយចំនួន ហាក់នៅតែមិនរៀងចាល និងកែប្រែខ្លួន ប្រកបដោយភាពភ្ញាក់រលឹក អំពីផលប៉ះពាល់នៃល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនោះទេ៕