បង្គោលភ្លើងនៅកណ្តាលទ្រូងផ្លវមិនដឹងថា ជាកំហុសតៃកុងឡាន ឫក៏ជាកំហុសក្រសួងសាធារណៈការនោះទេ ?

ភ្នំពេញ៖ ​រថយន្ត​កុង​ទី​ន័​រ​មួយគ្រឿង បាន​បើក​បុកបង្គោលភ្លើងដែលនៅដាំកណ្តាលទ្រូងផ្លូវ ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ខ្ទេច​ផ្នែក​ខាងមុខ​ស្ទើរតែ​ទាំងស្រុង តែ​សំណាងល្អ​តៃកុង​រងរបួស​ស្រាល ហេតុការណ៍នេះបានកើត​ឡើងនៅវេលា​ម៉ោង៣និង៤០នាទី​ទៀបភ្លឺ ឈាន​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨។

បង្គោល​ភ្លើងធំៗ ដែល​បន្សល់​ទុកចោល​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ ក្រោយ​ការពង្រីក​ត្រង់​តំបន់​ផ្លូវ​ណត​ប្រី​ត និង​ផ្លូវ​លេខ១០១៩ (ខាងមុខ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ ឆ្ពោះ​មក​សាលា​ណត​ប្រ៊ី​ត) ស្ថិតក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ភ្នំពេញ ត្រូវបាន​សាធារណៈជន​រិះគន់ធ្ងន់ៗ ពិសេស​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយសារតែ​ស្ថិតនៅ​ចំ​កណ្ដាលផ្លូវ និង​ធ្លាប់បាន​បង្ក​ឱ្យ​អ្នកដំណើរ​គ្រោះថ្នាក់​រហូត​បាត់​បង់ជីវិត​ទៀតផង។ បើ​យោងតាម​ឯកសារ​ដែល​ជ្រុះ​ពីលើ​រថយន្ត​នោះ រថយន្ត​ធុន​ធំ​សណ្ដោង​កន្ទុយ​កុង​ទី​ន័​រ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-7071 ជា​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន PH PLUS LOGISTICS Co.,Ltd បើកបរ​ដោយ​ឈ្មោះ យ៉​ន ភេទ​ប្រុស បាន​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ។

មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ធុន​ធំ​មួយគ្រឿង ដែល​សណ្ដោង​កន្ទុយ​កុង​ទី​ន័​រ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-7071 បើកបរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង តែ​ដោយសារតែ​ស្ថានភាព​ផ្លូវ​រៀង​ងងឹត​ផង មេឃ​កំពុង​រលឹម​ភ្លៀង​ផង និង​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​បែក​កញ្ចក់​ជ្រុះ​ធ្លា​ក់មក​ពេញ​ផ្លូវ និង​រង​ការខូចខាត​ខ្ទេច​ផ្នែក​ខាងមុខ​ស្ទើរតែ​ទាំងស្រុង តែ​សំណាងល្អ​តៃកុង​រងរបួស​បន្តិចបន្តួច ។ ឃើញ​សភាព​មិន​ស្រួល អ្នកបើកបរ​រថយន្ត បាន​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​បាត់។

សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់ ហើយ​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍ ចុះមក​ធ្វើការ​វ៉ា​ស់វែង រួច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ភាគី​ម្ចាស់​រថយន្ត​ចូលខ្លួន​ទៅ​ដោះស្រាយ​ពេល​ក្រោយ។

សូមបញ្ជាក់ថា មន្ត្រី​អាជ្ញាធរ​អគ្គិសនី​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយរូប បាន​ថ្លែងថា អ្នកបច្ចេកទេស​មួយក្រុម បាន​ចុះ​ត្រួតពិនិត្យ​ដល់ទី​តាំង​កាលពី​ថ្ងៃទី៣០ ខែមេសា ២០១៨ ដើម្បី​ឈានទៅ​ធ្វើការ​អនុវត្ត និង​រុះរើ​បង្គោល​ភ្លើង​នៅ​ដើមខែ​ឧសភា ២០១៨នេះ ខណៈ​បណ្ដាញ​អគ្គិសនី ដែល​គ្រោង​រុះរើ​នោះ គឺជា​បណ្ដាញ​តង់ស្យុង​ខ្ពស់ ១១៥គីឡូវ៉ុល ដូច្នេះ​អាច​រង​ផលប៉ះពាល់​ដល់​ការផ្គត់ផ្គង់​អគ្គិសនី​នៅតាម​បណ្ដា​ខណ្ឌ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ។ ទោះយ៉ាងណា​អ្នកបច្ចេកទេស​កំពុង​សិក្សា​រក​ប្រភព​អគ្គិសនី​ជំនួស​តំបន់ ដែល​ត្រូវបាន​កាត់ផ្ដាច់ ព្រោះ​ការរុះរើ​បង្គោល​បាន​ខ្លះ​នៅ​ខ្លះ​ប៉ុណ្ណោះ។

គាត់​ថា «យើង​មិនអាច​ថា មិនមាន​ប្រភព​អគ្គិសនី​ជំនួស​នោះទេ ប៉ុន្តែ​គ្រាន់តែ​ថា ការកំណត់ និង​បែងចែក​ប្រភព​ជំនួស​ប៉ុន្មាន​ថ្ងៃ​ខ្ញុំ​មិនទាន់​ទទួលបាន​របាយការណ៍​នៅឡើយ។ ដូច្នេះ​ជារួម​យើង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការរក្សា​ស្ថិរភាព​ការផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាពលរដ្ឋ»។

អគ្គិសនី​កម្ពុជា​នឹងមាន​ការជូនដំណឹង​លំអិត​បន្ថែមទៀត​ដល់​អ​តិ​ថិ​ជន​នៅមុន​ការ​កាត់ផ្ដាច់​ចរន្តអគ្គិសនី។ កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​រិះគន់ និង​ថត​បង្ហោះ​រូប​បង្គោល​ភ្លើង ដែល​ស្ថិតនៅ​ចំ​កណ្ដាលផ្លូវ​ធ្វើដំណើរ ហើយ​អ្នកខ្លះ​បាន​ហៅថា បង្គោល​ភ្លើង​មរណៈ​ជាដើម។ ប៉ុន្តែ​ត្រង់ចំណុច​នេះ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បកស្រាយ​ថា ដើមឡើយ​បង្គោល​ភ្លើង​នេះ​គឺ​ស្ថិតនៅ​គៀន​ផ្លូវ ប៉ុន្តែ​ដោយសារ មានការ​ពង្រីក​ផ្លូវ​បន្ថែម ទើប​បង្គោល​ភ្លើង​នេះ​ស្ថិតនៅ​ចំ​ទ្រូងផ្លូវ​ទៅវិញ។

កន្លងមក​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ក៏បាន​សុំទោស​ដល់​អ្នកដំណើរ​ទាំ​ង​អស់​ចំពោះ​ករណី​បង្គោល​ភ្លើង​នេះ ហើយ​លោក​ នឹងផ្នែក​ពាក់ព័ន្ធ​បាន​ពិភាក្សាគ្នា​រួចហើយ ដោយ​សម្រេច​ថា នឹង​ដក​បង្គោល​ភ្លើង​ទាំងអស់នោះ​ចេញ​ចាប់ពី​ចន្លោះ​ខែមេសា រហូតដល់ ខែ មិថុនា ឆ្នាំ២០១៨។ លោក​ថា អគ្គិសនី​កម្ពុជា ត្រូវ​បង្កប់​ខ្សែភ្លើង នៅក្រោម​ដី​ជាមុនសិន ហើយ​បន្ទាប់មក ទើប​អាច​ដក​បង្គោល​ភ្លើង​ទាំងនោះ​ចេញ​បាន៕