ដើរតាមផ្លូវរថយន្តមិនស្គាល់ម៉ាកបើកបុកស្លាប់ភ្លាមៗនៅកន្លែង

កណ្ដាល ៖ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបុកបុរសជាអ្នកថ្មើរជើងមានសតិមិនគ្រប់ម្នាក់ ស្លាប់យ៉ាងអណោចអធ័ម ខណៈដែលកំពុងដើរតាមបណ្ដោយផ្លូវកាលពីវេលាម៉ោង៤និង២០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះត្រូវរថយន្តកិនស្លាប់ឈ្មោះ ហ៊ុយ ទូច ភេទប្រុស អាយុ៥០ ឆ្នាំ (ជាមនុស្យមានសតិមិនគ្រប់) មានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែករថយន្តមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើករត់គេចខ្លួនបាត់ស្រមោល ។

នគរបាលបន្តទៀតថាមុនកើតហេតុ ជនរងគ្រោះដើរ ថ្មើរជើងតាមបណ្ដោយផ្លូវជាតិលេខ២១ លុះមកដល់ចំណុចកើតហេតុ មានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកដោយល្បឿនលឿន បានបុកជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយរថយន្តបង្កបើករត់គេចទៅបាត់ ។ ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះធ្វើការពិនិត្យរួច ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕