ក្រសួង​ប្រកាស​ដក​សញ្ញាបត្រ​ឥត​គិតថ្លៃ មាន​មន្ត្រី​ទារប្រាក់​ពី​សិស្ស​ម្នាក់​៥,០០០​រៀល?

ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៥ កក្កដា ២០១៨ នេះ​អោយ​ដឹង​ថា អ្នក​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៦ អាច​ដក​សញ្ញាបត្រ​បាន​ហើយ ។

អាស្រ័យ​ដូច​បាន​ជម្រាប​ខាងលើ​នេះ ក្រសួង​អប់រំ​យុវជន និង​កីmឡា សូម​អោយ​ប្រធាន​រូស​រាន់​ចាត់តាំង​តំណាង​ឲ្យ​មក​ទទួល​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៦ នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង ចាប់ពី​ថ្ងៃ​ប្រកាស​ខាងលើ​នេះ​តទៅ ដើម្បី​យក​ទៅ​ចែក​ជូន​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ដោយ​ឥត​គិតថ្លៃ ។

ផ្ទុយ​ទៅ​វិញ មន្ត្រី​ខិល​ខួច នៅ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បាន​យក​លុយ​ពី​បេក្ខជន​ដែល​ទៅ​ដក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៦ ក្នុង​ម្នាក់​៥,០០០​រៀល​ទៅ​វិញ ។

ជាក់ស្តែង​បេក្ខជន​ឈ្មោះ ថាប់ ងួ​ន​ហេង បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អោយ​ដឹង​ថា ៖
កា​រដក​សញ្ញាបត្រ​គឺ​ឥត​គិតថ្លៃ​<​ដក​២​នាក់​>
អ្នក​ដកៈ សុំ​សោហ៊ុយ
Me(​ខ្ញុំ​): អោយ​៥០០០៛
អ្នក​ដកៈ អោយ​តែ​ម្នាក់​នឹង
Me(​ខ្ញុំ​): BYE!!!!! (​ជម្រាបលា​!) ។

បើ​គិត​ត្រឹម​ម្នាក់​៥,០០០​រៀល វា​មិនមែន​ជា​ចំនួន​ច្រើន​នោះ​ទេ ស្មើនឹង​ប្រាក់​ដុល្លារ​ប្រហែល $១.២៥ ប៉ុណ្ណោះ ចុះបើ​ចំនួន​អ្នក​ដែល​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៦ មាន​រាប់​ម៉ឺន​នាក់ ? ប្រការ​ដែល​ទារ​ថ្លៃបង់​ក្រៅ​ប្រព័ន្ធ​នេះ​ហើយ វា​គឺជា​ច​រិ​ក​និង​ទំលាប់​ដ៏​អាក្រក់​របស់​បុគ្គល​មួយ​ចំនួន​នៅ​ក្នុង​សង្គម​ខ្មែរ ដែល​តែងតែ​ប្រើ​វា ។ ហើយ​វា​ក៏​ជា​ឬ​ស​កែវ ដែល​បណ្តាល​អោយ​មាន​អំពើ​ពុក​រលួយកើត​​មាន​​ឡើង​នៅ​ក្នុង​សង្គម​មួយ​នេះ​ផង​ដែរ ។

សូម​ជម្រាប់​ថា បេក្ខជន​ប្រឡង​”​ជាប់​”​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង ៖ ២២-២៣ សីហា ២០១៦ មាន​ចំនួន​៥៥ ៧៥៣​នាក់ ត្រូវជា​៦២,១៨% នៃ​បេក្ខជន​វត្តមាន​សរុប​ចំនួន ៨៩ ៦៦១​នាក់ ។ ក្នុង​នោះ បេក្ខជន​ទទួល​និទ្ទេស ៖
-​និទ្ទេស A៖ ចំនួន ៤០៥​នាក់
-​និទ្ទេស B៖ ចំនួន ២ ៨០១​នាក់
-​និទ្ទេស C៖ ចំនួន ៥ ៥៩៥​នាក់
-​និទ្ទេស D៖ ចំនួន ៨ ៨៣៥​នាក់
-​និទ្ទេស E៖ ចំនួន ៣៨ ១១៧​នាក់ ។

ទោះជា​យ៉ាងណា ដំណឹងយប់មិញ ​នៅ​មិន​ទាន់​បាន​សុំ​ការ​បកស្រាយ​ពី​សំណាក់​មន្ត្រីដែល​រង​ការ​ចោទ​ថា បាន​ទារ​លុយ​ពី​បេក្ខជន​ម្នាក់​៥,០០០​រៀល ដែល​ទៅ​ដក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នោះ​នៅឡើយ​ទេ គិតមកត្រឹមព្រឹកថ្ងៃទី​១០ ខែកក្កដា​ ឆ្នាំ២០១៨នេះ​ ៕